(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ បានព្រមព្រៀងគ្នា ឲ្យប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគតិច និងភាគច្រើននៅក្នុងរដ្ឋសភា មានជំនួយការម្ខាង ៩នាក់ ហើយទទួលបានរថយន្តម្នាក់មួយគ្រឿង រួមទាំងមានខុទ្ទកាល័យដាច់ដោយឡែកថែមទៀតផង។ ការព្រមព្រៀងនេះ បានកើតមានឡើងក្នុងជំនួបរវាងក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន នៃរដ្ឋសភា ដឹកនាំដោយសម្តេចក្រឡា ហោម ស ខេង និង ក្រុមសំឡេងភាគតិច ដឹកនាំដោយ លោក កឹម សុខា នៅវិមានរដ្ឋសភា នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន នៅក្នុងរដ្ឋសភា បានលើកឡើង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះថា គណបក្សទាំងពីរបានព្រមព្រៀងស្នើទៅប្រធានគណៈអចិន្រ្តៃយ៍ នៃរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដើម្បីថ្នាក់ដឹកនាំតំណាងរាស្រ្តក្រុមសំឡេងភាគតិច និងភាគច្រើននៅក្នុងរដ្ឋសភា មានជំនួយការ រថយន្ត និងខុទ្ទកាល័យ តាមផ្លូវច្បាប់។
លោកថា «ទី១ យើងជូនទីប្រឹក្សា ជំនួយការ ព្រមទាំងខុទ្ទកាល័យផងមានគ្នា ៩នាក់ មានឋានៈស្មើនឹងរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន និងអគ្គលេខាធិការជាដើម បន្ទាប់មកទៀតយើង នឹងមានកញ្ចប់ថវិកាមួយ ដែលត្រូវចែករំលែកទៅតាមចំនួនអសនៈនៃរដ្ឋសភា» ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគតិច បាននិយាយថា ការផ្តល់ជំនួយការ ទីប្រឹក្សា និង រថយន្តជូនថ្នាក់ដឹកនាំតំ ណាងរាស្រ្តសំឡេងភាគតិច និងភាគច្រើន នៅក្នុងរដ្ឋសភាពេលនេះ ដើម្បីសម្រួលដល់ការងារនៅក្នុងរដ្ឋសភា។
លោក យ៉ែម បុញ្ញឫទ្ធិ បាននិយាយថា «ការរៀបចំនីតិវិធីក្របខណ្ឌគតិយុត្តិជាច្បាប់ នឹងមានធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ក្រោយពេលដែលធ្វើវិសោធនកម្មហើយ ចូលជាធរមានហើយ យើងនឹងចាប់ផ្តើមអនុវត្ត អ្វីដែលមានចែងនៅក្នុងប្រកាស១៨ថ្មី៣ ដែលផ្តល់មធ្យោបាយដល់ថ្នាក់ដឹកនាំក្រុមមតិភាគតិច និងភាគច្រើន ដើម្បីបំពេញការងារ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ គណបក្សជាប់ឆ្នោតទាំងពីរ បានបើកកិច្ចចរចាជាមួយគ្នាដោយបានព្រមព្រៀងជាថ្មីចំនួន ៤ចំណុចរួមមាន៖
១. បង្កើតគណៈកម្មការចំពោះកិច្ច ដែលចូលរួមដោយគណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាព ដំឡើងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
២. បង្កើតក្រុមការងារដែលចូលរួម ដោយគណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិត នៃវប្បធម៌សន្ទនា ដោយឈលើស្មារតីនៃសេចក្តីថ្លែងការណ៍រួម រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ សម្តៅឱ្យមានការជឿទុកចិត្តគ្នា រវាងគណបក្សនយោបាយ នៅក្នុងរដ្ឋសភា ក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិឱ្យបានស្ថិតស្ថេរ យូរអង្វែង។
៣.ពង្រឹងរបៀបរបបការងារ និងទំនាក់ទំនងការងារ ព្រមទាំងការផ្តល់មធ្យោបាយសម្រាប់ថ្នាក់ដឹកនាំ តំណាងរាស្រ្តនៃគណបក្ស នយោបាយក្នុងរដ្ឋសភា សម្តៅរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព នៃស្ថាប័នរដ្ឋសភា ។
៤. បន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងឯកភាពជាតិ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ៕