(បាត់ដំបង)៖ ស្រ្តី២នាក់រស់នៅភូមិអូរល្គុន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលរងអំពើឆបោកលុយជិត៤០០០ដុល្លារ ពីស្រ្តីម្នាក់ឈ្មោះ ឃិន ស៊ីវន នោះកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានចូលទៅបំភ្លឺនៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងខេត្ត ក្នុងនាមជាដើមបណ្តឹង ដើម្បីរៀបរាប់ពីដំណើររឿងខាងលើនេះ។
ស្រ្តីរងគ្រោះបានឲ្យដឹងថា ពួកគាត់ត្រូវបានមន្រ្តីតុលាការសួរនាំបន្ថែមប្រហែលកន្លះម៉ោង ពាក់ព័ន្ធនឹងសំណុំរឿងមួយនេះ។ ក្រោយបញ្ចប់ការសួរនាំ មន្រ្តីតុលាការបានឲ្យដឹងថា ពួកគេនឹងជួយដោះស្រាយតាមនីតិវិធីច្បាប់ និងស្វែងរកយុត្តិធម៌ជូនពួកគាត់ទាំង២នាក់។
សូមបញ្ជាក់ថា ស្រ្តីទាំង២នាក់ បានរងការចាញ់បោកពីស្រ្តីម្នាក់ អស់ទឹកប្រាក់ខ្ទង់ពាន់ដុល្លារ តាមរយៈការពឹងពាក់ឲ្យជួយរត់ការ និងការពាររឿងក្តីរបស់ខ្លួន ដោយសារស្រ្តីរូបនេះ បានតាំងខ្លួនជាក្រុមការងារចុះមូលដ្ឋាន ជាមេធាវីការពារជនក្រីក្រ និងជាសាច់ញាតិរបស់ថ្នាក់ដឹកនាំក្នុងប្រព័ន្ធតុលាការទៀតផង។
ក្រោយចាញ់បោកអស់ទឹកប្រាក់ជិត៤០០០ដុល្លារ ជនរងគ្រោះក៏បានស្វែងរកយុត្តិធម៌តាមរយៈការដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តបាត់ដំបង និងស្វែងរកអន្តរាគមន៍ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យជួយដោះស្រាយជូនពួកគាត់ ត្បិតទឹកប្រាក់ទាំងនេះពិតជាលំបាកក្នុងការស្វែងរកតាមរយៈការងារធ្វើចំការនៅក្នុងភូមិរបស់ពួកគាត់។
ស្រ្តីដែលរងការចោទប្រកាន់ថា បានទៅបោកយកលុយខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរងគ្រោះប្រាប់ថាមានឈ្មោះ ឃិន ស៊ីវន អាយុប្រហែល៥៨ឆ្នាំ មានទីលំនៅភូមិស្រែស្អាង ឃុំស្រែស្អាង ស្រុកស្អាង ខេត្តកណ្តាល។
ស្រ្តីឈ្មោះ មូល សៅឌី និងស្រ្តីឈ្មោះ ឆេង ឡាង ដែលជាអ្នករងគ្រោះបានបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនថា ដោយសារតែស្រ្តីឈ្មោះ ឃិន ស៊ីវន បានអះអាងថា ខ្លួនអាចជួយការពារ និងរត់ការរឿងក្តីនៅតុលាការ ខេត្តបាត់ដំបង បានដោយសារខ្លួនស្គាល់ខាងតុលាការគ្រប់ជាន់ថ្នាក់ ទើបពួកគាត់លង់ជឿទុកចិត្ត និងបានផ្ញើលុយទៅកាន់ស្រ្តីម្នាក់នេះជាបន្តបន្ទាប់រហូតជិត ៤០០០ដុល្លារ ដោយមិនបានសងត្រឡប់មកវិញនោះឡើយ។
នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន ជនរងគ្រោះទាំង២នាក់ សូមទាមទារទឹកប្រាក់ដែលខ្លួនចាញ់បោកចំនួន៣៧០០ដុល្លារ និងទាមទារសំណងដែលខាតពេលវេលាចំនួន ៣០០០ដុល្លារបន្ថែមទៀត៕