(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅពេញ១ឆ្នាំ២០២០កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់ តុលាការ មានចំនួន ៦០៥ករណី ហើយនៅឆ្នាំ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំ និងធ្វើកិច្ចសន្យាមានចំនួន ២៩៤៦ករណី។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១២០០នាក់ នៃក្រសួងបរិស្ថាន បានចុះល្បាតសរុបចំនួន ២៧,៥៨៨លើក ខណៈនៅការចុះល្បាតនៅឆ្នាំ២០១៩ មានចំនួន ២៤,០៤៨លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣,៥៤០លើក។ ក្នុងការចុះល្បាតនេះ មន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌ បានបង្ក្រាបបទល្មើសបានចំនួន ៨,៩១៧ករណី ខណៈឆ្នាំ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ៥,៤៧៥ករណី គឺមានការកើនឡើងចំនួន ៣,៤៤២ករណី។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា «នៅឆ្នាំ២០២០កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់តុលាការមានចំនួន ៦០៥ករណី ហើយនៅឆ្នាំ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំ និងធ្វើកិច្ចសន្យាមានចំនួន ២៩៤៦ករណី»។
ជាមួយនឹងសមិទ្ធផលដ៏ល្អនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា «ក្រសួងបរិស្ថានបង្ហាញនូវមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស សមា ជិកនៃសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូទាំងអស់ដែល បានចូលរួមការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០ កន្លងមកនេះ ជាពិសេសក្នុងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានបទល្មើសដែលបង្ក្រាបបាននៅឆ្នាំ២០២០ មានកំណើនចំនួន ៣៤៤២ករណី ឬកើនឡើងប្រមាណ ៣០%»។ ដោយបានបង្ហាញពីប្រសិទ្ធភាពកាន់តែខ្ពស់នៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសក្នុង តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨កន្លែង ដែលស្ថិតនៅក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។
តាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បទល្មើសដែលបង្ក្រាបបានភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ការបង្ក្រាប និងទប់ស្កាត់បទល្មើសមានការកើនឡើង បានបង្ហាញពីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយមិនខ្លាចនឿយហត់ក្នុងការចុះល្បាតការពារព្រៃឈើ និងជីវៈចម្រុះ»។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើស នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណាយន្តបានចំនួន ៤,០០៤គ្រឿង គឺមានការកើនឡើងប្រមាណ ៥០០គ្រឿង ខណៈនៅឆ្នាំ២០១៩ រណាយន្តដែលត្រូវបានរឹបអូសមានចំនួន ៣,៤៩៤គ្រឿង។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា ចំណែកអន្ទាក់ដែលត្រូវបាន ដោះបានចេញពីតំបន់ការពារធម្មជាតិ ក្នុងឆ្នាំ២០២០ មានចំនួន ៤៣,២៧០អន្ទាក់ គឺមានការកើនឡើងជិត ៤,០០០អន្ទាក់ ខណៈនៅឆ្នាំ២០១៩កន្លងទៅ អន្ទាក់ដែលត្រូវបានមន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិដោះបានចំនួន ៣៩,៣៨២ អន្ទាក់។ នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន ២១៥គ្រឿងដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០គ្រឿង ត្រូវបានដកហូតផងដែរ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ដើម និងដកហូតឈើបានចំនួន ២៧១៨ម៉ែត្រគូប។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ជាមួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូចដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិដែលកម្ពុជានៅមាននេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»៕