(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋដែលកន្លងមករងគ្រោះដោយទឹកជំនន់ មកពីក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សរុបជាង៤០០គ្រួសារ បានទទួលកញ្ចប់អំណោយគ្រឿងឧបភោគបរិភោគពី លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
ពិធីប្រគល់អំណោយត្រូវបានធ្វើឡើងនៅភូមិ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង នៃគណៈអភិបាលខេត្ត មន្រ្តីរដ្ឋបាលខេត្ត ក្រុង ស្រុកទាំង៣ គណៈអ៊ីម៉ាំខេត្ត និងសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តកំពង់ឆ្នាំង។
លោកស្រី ប៊ន សុភី អភិបាលរងក្រុងកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដែលយកចិត្តទុកដាក់ និងខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង និងខេត្តនានាទៀត ជាពិសេសបាននាំនូវអំណោយជាគ្រឿងបរិភោគជូនដល់ប្រជាពលរដ្ឋ ចូលរួមដោះស្រាយតម្រូវការរបស់បងប្អូន។
ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវត្តគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការពារពីជំងឺកូវីដ១៩ ក្នុងនោះដែរសម្រាប់ប្រជាពលរដ្ឋដែលមានបងប្អូនសាច់ញាតិ ទៅធ្វើការនៅប្រទេសថៃ ហើយត្រឡប់មកកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរ រឹតបន្តឹងក្នុងការអនុវត្តគោលការណ៍ក្រសួងសុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក និងទៅធ្វើតេស្តរកមេរោគឲ្យបានត្រឹមត្រូវ។
អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Rafulin Holdings Sdn Bhd សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម, ស្ករស២គីឡូក្រាម, ប្រេងឆា២លីត្រ, ត្រីខ៤កំប៉ុង, មី១០កញ្ចប់, សាប៊ូដុះខ្លួន៤ដុំ, សាប៊ូលាងចាន១ដប និងអំបិល១គីឡូក្រាម។
យោងតាមការបញ្ជាក់របស់ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានឲ្យដឹងថា នេះជាយុទ្ធនាការផ្តល់កញ្ចប់អំណោយលើកទី៣ ដល់បងប្អូនដែលរងគ្រោះ ដោយទឹកជំនន់កន្លងមក តែយើងធ្វើនៅពេលនេះក្រោយទឹកស្រកទៅវិញ ព្រោះអនុវត្តគោលការណ៍រក្សាគម្លាតសុវត្ថិ ភាពដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ខណៈដែលលើកទី២ កាលពីថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០២១នេះ ក៏បានចែកជូនបងប្អូននៅក្នុងខេត្តពោធិ៍សាត់ចំនួន១,៣១៩គ្រួសារ បាត់ដំបង១,០០០គ្រួសារ និងបន្ទាយមានជ័យ១,០១០គ្រួសារ ហើយលើកទី១ នៅរាជធានីភ្នំពេញ៧០០គ្រួសារ ខេត្តកណ្ដាល១,០០០ គ្រួសារទទួលការឧបត្ថម្ភពីអង្គការរ៉ាពីតា (RABITA) មានទីស្នាក់ការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕