(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ជាទំពាំងស្នងឫស្សីដែលមានគុណភាពពោរពេញដោយចំនេះដឹងនោះ សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់បន្តខិតខំរៀនសូត្រក្រេបយកចំនេះដឹងពីលោកគ្រូ អ្នកគ្រូ ឲ្យបានគ្រប់ៗគ្នា ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅអនុវិទ្យាល័យ ហ៊ុនសែន ទួលសុភី ស្ថិតក្នុងឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបញ្ជាក់ថា យុវជនសម័យសន្តិភាពគឺមានឱកាសគ្រប់បែបយ៉ាង ក្នុងការ សិក្សារៀនសូត្រ និងជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត។ ជាមួយនឹងឱកាសដ៏ល្អនេះសូមប្អូនៗ ក្មួយៗ ខិតខំរៀនសូត្រឲ្យបានខ្លាំងក្លាធ្វើយ៉ាងណាឲ្យក្លាយខ្លួន ជាអ្នកស្នងដឹកនាំប្រទេសជាតិពោរពេញដោយសមត្ថភាព មានទាំងចំណេះដឹង និងចំណេះធ្វើ បន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់រីកចម្រើនទ្វេឡើងថែមទៀត ក្រោមដំបូលសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំពុះពារយកមកបាន។

លោកបណ្ឌិតអភិបាលខេត្ត បានណែនាំឲ្យសំអាតបរិស្ថានឲ្យបានស្អាត គោរពច្បាប់ក្នុងសាលា ច្បាប់ចរាចរណ៍ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងជាពិសេសត្រូវរួមគ្នាទប់ស្កាត់ឲ្យបានដាច់ខាតនូវការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល «យើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងទេ»។ ជុំវិញបញ្ហាជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការចាត់វិធានការបង្ការនិងទប់ស្កាត់ ក្នុងនោះបានចំណាយថវិការរាប់សិបលានដុល្លារឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាបន្តបន្ទាប់ផងដែរ៕