(តាកែវ)៖ បើទោះបីជាស្ទើរពេញមួយឆ្នាំ២០២០ ប្រទេសកម្ពុជាបានប្រឈមមុខការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពគ្រូសាររបស់ប្រជាជលរដ្ឋ ក៏អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តតាកែវ រកបានចំណូលជិត១លានដុល្លារ ក្នុងឆ្នាំ២០២០នេះ ដែលកើនឡើងជាង៤០ភាគ រយបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងមក។

លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវបានថ្លែង Fresh News ឲ្យដឹងថា ពេញមួយឆ្នាំ២០២០នេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ ដែលមានមានវិស័យចំនួន១៤ បានធ្វើការបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ៣២២៦២ សេវា និងទទួលបានចំណូលចំនួនជាង៣ពាន់៦រយលានរៀល បើគិតជាដុល្លាគឺជិត ១លានដុល្លារ កើនឡើងប្រមាណ៤៦ភាគរយ។ ចំណូលដែលទទួលបានច្រើនជាងគេ គឺទទួលបានពីវិស័យសូរិយោដី វិស័យកសិកម្មនិងវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកបានសង្កត់ធ្ងន់ថា «ពាក់ព័ន្ធទៅនិងកំណើនសេវាមានការកើនឡើង ជាពិសេសប្រាក់ចំណូលក៏កើនឡើងខ្ពស់ដែលនោះ គឺវាបណ្ដាលមកពីកិច្ចប្រឹងប្រែងសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងពីមន្ទីរជំនាញស្ថាប័នដែលបានផ្ទេសេវាមកកាន់អង្គភាព ច្រកចេញចូលតែមួយដែលនាំឲ្យការបំរើសេវាបានរហ័ស ជាពិសេសវាបានផ្ដល់ជំនឿទុកចឹត្តដល់បងប្អូនប្រជាពលរដ្ឋដែលមករកសេវា»។

លោកប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវការសេវាផ្សេងៗ សូមអញ្ជើញមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ឬនៅតាមអង្គភាពច្រកចេញចូលតែមួយ និងនៅតាមបណ្ដាលស្រុកមួយចំនួន ដោយជៀសវាងពឹងអ្នករត់ការជំនួសដែលនាំឲ្យមានការយកតម្លៃសេវាលើសពីតម្លៃរដ្ឋ ដែលបានកំណត់និងការរត់ការមានការយឺតយ៉ាវថែមទៀតផង៕