(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូនជាលើកដំបូងនៅកម្ពុជា ដើម្បីបង្កើនធនធានមនុស្សលើជំនាញសាធារណការ និងដឹកជញ្ជូន ដោយផ្តោតជាសំខាន់លើការបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន។
វិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូនជាលើកដំបូងនៅកម្ពុជានេះ មានឈ្មោះថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន»។ វិទ្យាស្ថានតេជោសែន សាធាណការ និងដឹកជញ្ជូន បានចាប់ដៃគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅថា តិចណូ ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលលើជំនាញសាធារណការ និងដឹកជញ្ជូននេះ។
ពិធីចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោកបណ្ឌិត ហង់ជួន ណារ៉ុន បានលើកឡើងថា ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស គឺជាការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក៏ប៉ុន្តែសម្រាប់កម្ពុជា មកដល់ពេលបច្ចុប្បន្ននេះកម្ពុជាមិនទាន់មានវិទ្យាស្ថានណាបណ្តុះបណ្តាលលើជំនាញសាធារណការ និងដឹកជញ្ជូននៅឡើយនោះទេ។
ក្នុងនាមរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន រីករាយដែលបានឃើញការផ្តួចផ្តើមឱ្យមាននូវវិទ្យាស្ថានបណ្តុះបណ្តាលលើជំនាញសាធារណការ និងដឹកជញ្ជូន។
លោករដ្ឋមន្ត្រីអប់រំ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមកោតសរសើរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលមានចក្ខុវិស័យនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។ នេះគឺជាលើកទីមួយហើយដែលយើងមានវិទ្យាស្ថាន ដើម្បីបណ្តុះបណ្តាលបច្ចេកទេសនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកពីស្នាដៃជាច្រើនដែលបុព្វបុរសខ្មែរបានកសាងឡើងក្នុងសម័យអង្គរ ដូចជាប្រាសាទ និងស្ពានដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងខេត្តសៀមរាប។ ប៉ុន្តែហេតុអ្វីបានជាខ្មែរនាពេលបច្ចុប្បន្នមិនអាចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក និងទន្លេសាបបាន។
បើតាមលោក ស៊ុន ចាន់ថុល កើតពីការតូចចិត្តដែលមិនអាចឃើញកូនខ្មែរមានសមត្ថភាពសាងសង់ស្ពានឆ្លងកាត់ទន្លេនេះហើយ ទើបរូបលោកប្រឹងប្រែងបង្កើតវិទ្យាស្ថាននេះឡើង។
ជាមួយទឹកមុខបង្ហាញពីក្តីរំភើបចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ «ថ្ងៃនេះយើងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបណ្តុះបណ្តាលធនធានរបស់យើងនេះ ដើម្បីចូលរួមកសាងជាតិមាតុភូមិរបស់យើងឱ្យបានរុងរឿងថែមទៀត»។
លោក ស៊ុន ចាន់ថុល បានលើកឡើងដែរថា បច្ចុប្បន្នព្រោះតែខ្វះអ្នកជំនាញបច្ចេកទេសរាល់ពេលសាងសង់ផ្លូវ ស្ពាន តែងតែជួលបរទេសមកសាងសង់។ ដូច្នេះវិទ្យាស្ថាននេះ នឹងរួមចំណែកបណ្តុះបណ្តាលកូនខ្មែរក្នុងការសាងសង់ផ្លូវ ស្ពាន ដោយមិនពឹងតែលើអ្នកជំនាញបរទេស។
«មានការអីជួលបរទេសរហូត មានថវិកាហើយ តែទាល់តែជួលគេមកកសាងផ្លូវ ស្ពាន។ ដូច្នេះខ្ញុំជឿជាក់ថា និស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងផ្លូវស្ពាននៅកម្ពុជាយើងឱ្យមានគុណភាពល្អ»។ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញក្តីសង្ឃឹម។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញក្តីសង្ឃឹម និងជំនឿចិត្តមុតមាំថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងសហការគ្នាបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ជូនដល់និស្សិតកម្ពុជា លើជំនាញសាធារណការ និងដឹកជញ្ជូន។
ទាំងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកបណ្ឌិត ហង់ជួន ណារ៉ុន ក៏បានបង្ហាញក្តីសង្ឃឹមដូចគ្នាថា និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន អាចមានសមត្ថភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ជាដើម ដើម្បីបង្ហាញនូវមោទនភាពសម្រាប់កូនខ្មែរ។
លោកបណ្ឌិត្យ អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យា បានថ្លែងឱ្យដឹងថា ការបណ្តុះបណ្តាលជំហ៊ានដំបូងនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននេះ និស្សិតប្រមាណ ២០០នាក់ នឹងត្រូវរើសចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយសិក្សារយៈពេល៥ឆ្នាំ។
ដោយឡែកធនធានមនុស្សលើការបណ្តុះបណ្តាល នឹងត្រូវយកពីសាលាតិចណូ វិទ្យស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រសួងសាធាធរណការ និងដឹកជញ្ជូន។ បន្ថែមពីលើនោះ ការពិសោធន៍ទាំងឡាយ នឹងធ្វើនៅគ្រឹះស្ថានសិក្សាទាំងពីរ ព្រមទាំងការចុះកម្មសិក្សានៅតាមការដ្ឋានសាងសង់នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងពិធីចុះហត្ថលេខាបង្កើតកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលរវាងវិទ្យាស្ថានសាធារណការ និងដឹកជញ្ជូន ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសគាំទ្រពេញទំហឹងដល់វិទ្យាស្ថានទាំងពីរទាំងស្មារតី និងតម្រូវការផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រកាសពីការផ្តល់ឱកាសការងារក្នុងការដ្ឋានសាងសង់ផ្លូវ និងស្ពានដល់និស្សិត ដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផងដែរ៕