(ស្វាយរៀង)៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានប្រាប់មន្ត្រីដែលពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព និងតម្លាភាពជាពិសេសត្រូវបន្តពង្រឹងពន្លឿន ការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវអូរប្រឡាយទន្លេ។

ការថ្លែងរបស់លោកអភិបាលក្រុងស្វាយរៀងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅបន្តអនុវត្តរបស់រដ្ឋបាលក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាក្រុងស្វាយរៀង។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោក សរ សុដានី អភិបាលរងក្រុង លោក កែន រិទ្ធី អធិការនគរបាលក្រុង លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង លោកលោកស្រីចៅសង្កាត់ស្មៀន លោកប្រធានការិយាល័យ និងមន្ត្រីដែលពាន់ពន្ធ័ជាច្រើនរូបផងដែរ។

លោក ណុប ចំរើន បានបន្តទៀតថា «យើងត្រូវបន្តពង្រឹងការងាររៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាពក្នុងក្រុង អ្នកលក់ដូរតាមចិញ្ចើមផ្លូវជុំវិញផ្សារវាយន្តចំណតរថយន្ត តាមមុខមន្ទីរពេទ្យដងនិងផ្លូវជាតិលេខ១ ហើយចំពោះរថយន្ត និងគោយន្តដឹកដី ពេលដឹកត្រូវគ្របអោយជិត និងត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ»។

លោកបន្ថែមទៀតថា ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យ តាមដានជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច និងអនាម័យបរិស្ថានស្អាតបរិយាកាសល្អ ពិសេសត្រូវបន្តផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ តាមទីសាធារណៈសាលារៀនទីប្រជុំជនភោជនីយដ្ឋានអាហារដ្ឋាន និងការបណ្ដាលវត្តអារាមនានាក្នុងក្រុងស្វាយរៀង តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕