(ស្វាយរៀង)៖ ស្លាកលេខចាស់ៗ ដែលប្រជាពលរដ្ឋទិញរថយន្តតៗគ្នា ហើយបានស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិរថយន្តរួចរាល់ជាស្ថាពរ តាមបែបបទនៃច្បាប់ចំនួន១៣៥៨ស្លាក ត្រូវបានកាត់កម្ទេចចោល។ នេះបើយោងតាមលោក ព្រំ ផូ ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
ការកម្ទេចស្លាកលេខចាស់ៗនេះ បានធ្វើឡើងនៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលមានការចូលរួមពីលោក នួន លីហួន ប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្រ្តីដែលពាក់ព័ន្ធក្នុងការទទួលខុសត្រូវ ជាច្រើនរូបទៀតផងដែរ។
លោកបានបន្តថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានកម្ទេចផ្លាកលេខចាស់ៗ ដែលបន្សល់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ បានធ្វើការផ្ទេរកម្មសិទ្ធិ តាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរ ចាប់តាំងពីទទួលបានសេចក្តីណែនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនស្តីពី ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ បានចេញសេចក្តីប្រកាសនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០កន្លងមក។
លោក ព្រំ ផូ បន្តថា សព្វថ្ងៃនេះប្រជាពលរដ្ឋដែលមានរថយន្តមិនទាន់ផ្ទេរកម្មសិទ្ធិរថយន្ត គឺនៅតែបន្តមកធ្វើជារៀងរាល់ថ្ងៃ នៅមន្ទីរសាធារណការខេត្តស្វាយរៀង ហើយមន្ត្រីជំនាញយើងបានខិតខំសម្រួលឯកសារនានា ដើម្បីមានភាពងាយស្រួលក្នុងការផ្ទេរកម្មសិទ្ធិនេះផងដែរ។
សូមបញ្ជាក់ថា ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្តទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត។ ចំពោះឯកសារតម្រូវ៖ ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំនិងមានបិតសំណៅលេខកាល់ (តួឬសាក់ស៊ី) ដែលបានចម្លងជាក់ស្តែងពីយានយន្តបណ្ណសម្គាល់យានយន្ត (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ។
ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្តវិញមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស) បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត, លិខិតទិញលក់, កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។ ចំពោះទីតាំងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត៕