(ព្រះសីហនុ)៖ ក្រោយយល់ដឹងពីផ្លូវច្បាប់នោះ ប្រជាពលរដ្ឋចំនួន៩គ្រួសារ ដែលលួចសាងសង់ខ្ទមនៅលើដីរបស់លោកស្រី ខៃ ណារិន មេបញ្ជាការរងកងពលតូចលេខ៧០ បានចេញមកសារភាពពីកំហុសរបស់ខ្លួន ក្រោយបានទិញដីត ពីមនុស្សមួយក្រុមដែលបានយកដីរបស់លោកស្រីទៅលក់ដូរ។
ប្រជាពលរដ្ឋទាំង៩គ្រួសារនេះ បានថ្លែងថា ពួកគាត់ពិតជាបានទិញតពីមនុស្សមួយក្រុម ដែលបានលួចលក់ដីរបស់លោកស្រី ហើយការទិញតគ្នានេះមិនមានឯកសារត្រឹមត្រូវទទួលស្គាល់ពីអាជ្ញាធរ និងមន្រ្តីជំនាញនោះឡើយ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោកស្រី ខៃ ណារិន មេបញ្ជាការរងកងពលតូចលេខ៧០ ត្រូវបានបណ្តាញសង្គមមួយចំនួន ធ្វើការផ្សាយចោទប្រកាន់ថា លោកស្រីអាងអំណាចជាមន្រ្តីយោធាជាន់ខ្ពស់ ទៅរំលោភយកដីរបស់ប្រជាពលរដ្ឋជាក់ស្តែង។
ក្រោយមានការចោទប្រកាន់បែននេះលោកស្រី ខៃ ណារិន បានចេញមុខតវ៉ា និងបានបង្ហាញឯកសារផ្លូវច្បាប់ទាំងអស់ ព្រមទាំងប្លង់មានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ និងមន្រ្តីជំនាញទៀតផង។ តាមរយៈឯកសសារទាំងនោះ បានបង្ហាញថា លោកស្រីបានទិញដីស្របច្បាប់ និងបានដាំដំណាំផ្សេងៗនៅលើដីទៀតផងដែរ ប៉ុន្តែក្រោមការញុះញង់ពីមនុស្សមួយក្រុមតូចនោះ បានធ្វើឲ្យប្រជាពលរដ្ឋលួចទៅឈូសឆាយ ទន្ទ្រានកាន់កាប់ និងបានសាងសង់ខ្ទមតូចៗ នៅលើដីរបស់លោកស្រី និងថែមបានចោទប្រកាន់ថាលោកស្រីជាអ្នករំលោភដីរបស់ប្រជាពលរដ្ឋទាំងនោះវិញទៀតផង។
ដើម្បីការពារខ្លួនចំពោះការចោទប្រកាន់នេះ លោកស្រីមេបញ្ជាការរងកងពល បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ និងសមត្ថកិច្ចពាក់ព័ន្ធ។ ក្រោយដាក់ពាក្យបណ្តឹងនេះ ក្រុមប្រជាពលរដ្ឋដែលបានលួចមកសាងសង់ នៅលើដីរបស់លោកស្រីចំនួន៩គ្រួសារ បានចេញមកទទួលស្គាល់ទោសកំហុស។ តែយ៉ាងណាក៏ដោយនោះ លោកស្រី ខៃ ណារិន មិនបានបោះបង់ការទាមទារនោះឡើយ លោកស្រីសុខចិត្តចែកជូនដីដល់ប្រជាពលរដ្ឋទាំង៩គ្រួសារ ដោយមួយគ្រួសារទទួលបានម្នាក់មួយឡូតិ៍ទំហំ ៥គុណ២០ សម្រាប់ធ្វើលំនៅដ្ឋានទៀតផង។
សូមបញ្ជាក់ថា លោកស្រីឧត្តមសេនីយ៍ទោ ខៃ ណារិន អាយុ៦២ឆ្នាំ មានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ទាំងឡាយ តាមបណ្តាញសង្គម និងព័ត៌មានមួយចំនួន ដែលបានធ្វើការចោទប្រកាន់ខុសពីការពិតមកលើលោកស្រី ពាក់ព័ន្ធនឹងវិវាទដីធ្លីមួយនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកស្រីបានបញ្ជាក់ថា ដីរបស់លោកស្រីមានប្លង់ត្រឹមត្រូវ និងមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្រ្តីជំនាញ ប៉ុន្តែមានមនុស្សមួយក្រុមមកលួចសាងសង់រោងនៅលើដីដោយគ្មានការអនុញ្ញាត និងចង់រំលោភយកតែម្តង។ លោកស្រីក៏បានដាក់ពាក្យបណ្តឹងផងដែរ ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធចំពោះសកម្មភាពរំលោភបំពានទាំងនេះ។
នៅក្នុងសេចក្តីបំភ្លឺជូនសាធារណៈជនកាលពីពេលកន្លងទៅ លោកស្រី ខៃ ណារិន ក៏បានលើកឡើងផងដែរថា មានបុគ្គលមួយក្រុម បានធ្វើការសាងសង់ផ្ទះនៅលើដីរបស់លោកស្រីដែលមានការទទួលស្គាល់ និងលិខិតស្នាមត្រឹមត្រូវ ស្ថិតនៅភូមិឬទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ព្រមទាំងបានដាក់ពាក្យប្តឹងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
នៅក្នុងលិខិតបំភ្លឺ លោកស្រី ខៃ ណារិន បានគូសបញ្ជាក់ថា ចំពោះការចោទថាលោកស្រី បានទៅរំលោភបំពានទៅ ឈូសឆាយ គ្មានព្រំប្រទល់ ដោយគ្មានឯកសារច្បាស់លាស់នោះគឺជាការមិនពិតទេ។ តាមការពិតលោកស្រី បានទិញដីទាំងនេះ ដោយមានការទទួលស្គាល់ដឹងឮ និងមានលិខិតស្នាមត្រឹមត្រូវពីអាជ្ញាធរតាំងពីថ្នាក់ភូមិឃុំ និងស្រុកទៀតផង ហើយមិនតែប៉ុណ្ណោះលោកស្រី ថែមមានចិត្តអាសូរ ហើយបានផ្តល់ដីទំហំ ៥គុណ២០ម៉ែត្រជូនប្រជាពលរដ្ឋមួយចំនួន ដែលមិនមានដីធ្វើផ្ទះសម្រាប់សាងសង់លំនៅដ្ឋានទៀតផង ប៉ុន្តែនៅមានបុគ្គលមួយចំនួន នៅតែបន្តមកទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ថែមទាំងបំផ្លាញឈូសឆាយបំផ្លាញដំណាំរបស់លោកស្រីទៀតផង៕
ខាងក្រោមនេះជាលិខិតបំភ្លឺ ឯកសារពាក់ព័ន្ធ និងសកម្មភាពលួចសាងសង់រោងនៅលើដីរបស់លោកស្រី៖