(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវ ក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា វឌ្ឍនភាពការងារដែលបានអនុវត្តន៍របស់គម្រោង ADB (RRIP-III) នៅស្រុកព្រៃឈរមានប្រវែង១៣.៦២៦ គ.ម និងស្រុកស្ទឹងត្រង់ មានប្រវែង២០.២០៥ គ.ម។
មន្ត្រីបានបន្តថា ផ្លូវខ្សែទី១ផ្លូវឃុំគរ-ទឹកឆា (KC1) ឆ្លងកាត់ឃុំចំនួន៣រួមមាន៖ ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ក្នុងស្រុកព្រៃឈរមានប្រវែង១៣.៦២៦ គ.ម ទទឹងខ្នងលើ ៦ម ការងារសម្រេចបានចាក់បំពេញដីសសម្រេចបាន១០០%
ការងារចាក់បំពេញដីក្រួសក្រហមស្រទាប់គ្រឹះក្រោមសម្រេចបាន៩០% សាងសង់លូមូលចំនួន ២៣កន្លែង សម្រេចបាន១០០% បានសាងសង់លូជ្រុងចំនួន១កន្លែង សម្រេចបាន១០% បានចាក់បំពេញថ្មមិចគ្រឹះផ្លូវ និងចាប់ផ្ដើមពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ការងារស្រោចកៅស៊ូ និងចាប់ផ្ដើមពី ខែមិនា ឆ្នាំ២០២១ និងស្ថាបនាបន្ថែម១១គ.ម ទៀត សរុប ២៥ គ.ម បន្តដល់ឃុំតាអុង ស្រុកចំកាលើ។
ដោយឡែក ខ្សែទី ២ផ្លូវដីក្រហម-អារក្សត្នោត (KC5) ឆ្លងកាត់ឃុំចំនួន៣ មានឃុំសូភាស ឃុំដងក្ដារ និងឃុំព្រែកកក់ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់មានប្រវែង ២០.២០៥ គ.ម ទទឹងខ្នងលើ ៦ម ការងារសម្រេច បានចាក់បំពេញដីសសម្រេចបាន ១០០% បានចាក់បំពេញដីក្រួសក្រហមស្រទាប់គ្រឹះក្រោមសម្រេចបាន៧០% និងសាងសង់លូមូលចំនួន ៥កន្លែង សម្រេចបាន១០០% ចាក់បំពេញថ្មមិចគ្រឹះផ្លូវនិងចាប់ផ្ដើមពី ខែកុម្ភៈ ឆ្នាំ២០២១ ការងារស្រោចកៅស៊ូ និងចាប់ផ្ដើមពីខែមីនា ឆ្នាំ២០២១៕