(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
បើតាមការចេញផ្សាយរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងរវាងយុវជនរវាងប្រទេសកម្ពុជា និងចិន។
ប្រភពបន្តថា ក្នុងជំនួបនេះលោកទីប្រឹក្សា Wu Chuanbing បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោក ហ៊ុន ម៉ាណែត ដែលបានជ្រើសតាំងជា សមាជិកគណ:អចិន្ដ្រៃយ៍គណ:កម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងអនុប្រធានគណ:ចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ក្នុងរយ:ពេលពីរបីឆ្នាំកន្លងមកនេះ។
ទីប្រឹក្សាស្ថានទូតចិនរូបនេះ ក៏បានលើកឡើងផងដែរពីទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា-ចិន។ លោក Wu Chuanbing បានលើកឡើងថា ទំនាក់ទំនងនេះគឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនកម្ពុជា និងចិន ហើយលោកមានសេចក្តីរីករាយណាស់ ដែលបានឃើញនូវចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនេះ ក្លាយជាទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកបានគូសបញ្ជាក់ថា «តាមរយៈផ្លែផ្កានៃទំនាក់ទំនងល្អនេះ ប្រទេសយើងទាំងពីរ បានផ្តល់ផលប្រយោជន៍ល្អឱ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗរបស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ ស្ថាប័ន»។
លោក ហ៊ុន ម៉ាណែត ក្នុងនាមយុវជនកម្ពុជាបានបង្ហាញសេចក្តីរីករាយដែលបានឃើញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានថែបំប៉នឱ្យកាន់តែរឹងមាំដូចដែកថែប ប្រកបដោយទំនុកចិត្តនយោបាយដ៏ខ្ពស់បំផុត។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំនួបនាថ្ងៃនេះ ដើម្បីលើកស្ទួយទំនាក់ទំនងរវាងយុវជនចិន និងយុវជនកម្ពុជា និងដើម្បីចូលរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជាចិនលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានស្នើសុំភាគីចិនផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេសដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា៕