(ភ្នំពេញ)៖ បញ្ហាកូវីដ-១៩ គឺជាបញ្ហាសាកល ដែលប្រទេសជុំវិញពិភពលោកបានជួបប្រទះ ដោយឡែកនៅកម្ពុជា បានប្រែក្លាយបញ្ហានេះ ឲ្យទៅជាឱកាសមាសវិញ ក្នុងការចាប់យកឱកាសចាប់ផ្ដើមសាជាថ្មី ក្នុងការនាំចេញផ្លែក្រូចឆ្មារ និងផ្លែក្រូចថ្លុង ក្រោយខកខានក្នុងការនាំចេញ និងបាននាំចេញ ក្នុងកម្រិតមួយទាប។
តាមប្រព័ន្ធទិន្នន័យ គ្រឺះភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ឲ្យដឹងថា ពេញមួយឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាបាននាំចេញផ្លែក្រូចឆ្មារ ចំនួន២,៣០០តោន មានកំណើន១០០ភាគរយ និងផ្លែក្រូចថ្លុង ចំនួន១៧,៤០០តោន មានកំណើន១០០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផ្លែក្រូចឆ្មារ និងផ្លែក្រូចថ្លុង ដែលបាននាំចេញនោះ គឺនាំចេញទៅប្រទេសថៃ។
លោករដ្ឋមន្ដ្រី វេង សាខុន បានឲ្យដឹងទៀតថា ការចាប់ផ្ដើមនាំចេញក្រូចឆ្មារ និងក្រូចថ្លុង វានឹងជួយជំរុញកំណើនសេដ្ឋកិច្ច មួយកម្រិតបន្ថែមទៀត ហើយនៅពេលដែល មានការនាំចេញនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានទឹកចិត្ដផុលផុស ក្នុងការដាំបន្ថែមទៀត។
ឆ្លើយតបនឹងសំនួរ ចំពោះការនាំចេញក្រូចឆ្មារ និងក្រូចថ្លុង ខាងលើនេះ រដ្ឋមន្ដ្រី វេង សាខុន បានឲ្យដឹងយ៉ាងដូច្នេះថា «កន្លងទៅ យើងបាននាំចេញតិចតួចបំផុត [...] ឆ្នាំនេះ អាចចាត់ទុកជាឆ្នាំល្អប្រសើរ សម្រាប់កសិករកម្ពុជា [...] នាំចេញទៅគោលដៅប្រទេសថៃ ជាចំបង»។
រដ្ឋមន្ដ្រីកសិកម្ម បានថ្លែងទៀតថា «នេះជាឱកាសមាស របស់ប្រជាជន ដែលប្រទេសមួយចំនួនជួបបញ្ហា យើងមានឱកាសល្អក្នុងការផលិត ហើយនេះជាអ្វី ដែលយើង ឆ្លើយតបជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន ដែលមានប្រសាសន៍កន្លងទៅ ក្នុងការផ្ដល់អនុសាសន៍ ឲ្យប្រជាជនចេះចាប់យកឱកាសមាស កំឡុងកូវីដ-១៩»។
យោងតាមរបាយការណ៍ ផ្ទៃដីដាំដុះផ្លែក្រូចថ្លុង មានសរុបចំនួន១,៣៩៧ហិកតា និងផ្ទៃដីប្រមូលផល មានសរុបចំនួន១,០៣១ហិកតា។ ក្នុងនោះ ខេត្តរតនរីគី គឺជាខេត្តមួយ ក្នុងចំណោមខេត្ដដទៃទៀត ដែលមានផ្ទៃដីដាំដុះច្រើនជាងគេ សរុបចំនួន៥២៤ហិកតា។
ដោយឡែកផ្ទៃដីដាំដុះផ្លែក្រូចឆ្មារ មានសរុបចំនួន១,២៥៣ហិកតា និងផ្ទៃដីប្រមូលផល មានសរុបចំនួន៨៤៥ហិកតា។ ក្នុងនោះ ខេត្តបាត់ដំបង គឺជាខេត្តមួយ ក្នុងចំណោមខេត្ដដទៃទៀត ដែលមានផ្ទៃដីដាំដុះច្រើនជាងគេ សរុបចំនួន១៣៨ហិកតា៕