(ពោធិ៍សាត់)៖ លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោក សំរិទ្ធិ អេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាសមាគម និងសិក្ខាសាលាឆ្លុះបញ្ចាំង ការអភិវឌ្ឍសមត្ថភាព សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្នុងគោលបំណងត្រួតពិនិត្យសមិទ្ធផលការងារ ឆ្នាំ២០២០ និងកំណត់ទិសដៅការងារ ឆ្នាំ២០២១។
កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, អភិបាលក្រុង ស្រុក, នាយកអង្គការ API, ប្រធាន អនុប្រធានអចិន្រ្តៃយ៍ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល និងសមាសភាពក្រុមប្រឹក្សាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន១៣៤រូប។
កិច្ចប្រជុំនេះ រៀបចំឡើងដោយផ្តោតលើរបៀបវារៈសំខាន់ៗ ចំនួន៨ រួមមាន៖
១- បង្ហាញ និងអនុម័ត របាយការណ៍វឌ្ឍនភាពគម្រោង «លើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិការសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមិទ្ធផលការងារ ឆ្នាំ២០២០ របស់សមាគម» គាំទ្រថវិកាដោយ EU
២- បង្ហាញ និងអនុម័ត របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០
៣- បង្ហាញ ពិភាក្សា និងអនុម័ត ផែនការសកម្មភាព និងថវិកាឆ្នាំ២០២១
៤- បង្ហាញ និងអនុម័ត ការកែសម្រួលផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់សមាគម
៥- ពិភាក្សា និងអនុម័ត លើការកែសម្រួលរបបប្រាក់បេសកកម្ម នៅក្នុងគោលនយោបាយគ្រប់គ្រង និងប្រតិបត្តិការ របស់សមាគម
៦- បំពេញបន្ថែមសមាជិក ២រូប នៅក្នុងគណៈកម្មការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ
៧- បង្ហាញអំពីភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) របស់សមាគម
៨- បង្ហាញ និងពិភាក្សាអំពីស្ថានភាពហិរញ្ញវត្ថុ នៃមូលនិធិមរណសង្រ្គោះ, នីតិវិធី នៃការចូលជាសមាជិកមូលនិធិ និងបញ្ហាប្រឈម ក្នុងការប្រមូលប្រាក់មរណសង្រ្គោះ។
ក្នុងកិច្ចប្រជុំនោះផងដែរ បានការចូលរួមបដិភាគគាំទ្រ ពីម្រោង «លើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន» ដោយអនុវត្តនៅខេត្តគោលដៅចំនួន៦ រួមមានខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកែប ក្រោមការគាំទ្រថវិកាពី «សហភាពអឺរ៉ុប (EU) ពីឆ្នាំ២០១៩-២០២១»។ ដៃគូអនុវត្តគម្រោងនេះរួមមាន៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេអេអាក់ស្យុង (AEA)៕