(ភ្នំពេញ)៖ នៅថ្ងៃនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីសម្រេចដោយធ្វើការពន្យារពេល ការចុះបញ្ជីរថយន្តចង្កូតស្តាំរយៈពេល១ខែទៀត ដោយទុកពេលវេលានៃការចុះបញ្ជីរថយន្តរហូតដល់ ១៩ ខែមីនា ឆ្នាំ២០១៦ នេះបើយោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលយើងខ្ញុំទើបទទួលបានមុននេះបន្តិច។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ថ្ងៃចុងក្រោយនៃឱសាទវាទគឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែដោយអគ្គនាយកដ្ឋាន បានមើលឃើញថា នៅមានម្ចាស់រថយន្តចង្កូតស្តាំមួយចំនួននៅស្ទាក់ស្ទើរ ឬពុំទាន់បានចូលមកបង់ពន្ធ ឬចុះបញ្ជីនៅឡើយទេ ដោយហេតុផលផ្សេងៗ ដូចជា មិនមានថវិកាគ្រប់គ្រាន់ ឬខ្លះទៀតទទួលបានព័ត៌មានយឺត ឬពុំទទួលបានព័ត៌មានស្តីពីអនុគ្រោះនេះជាដើម។
ដោយយល់ពីការលំបាករបស់ប្រជាពលរដ្ឋជាម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធដូចនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចពន្យារពេលការចុះបញ្ជីរថយន្តចង្កូតស្តាំ ចំនួន១ខែទៀត គឺរហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ដែលជាកាលបរិច្ឆេទចុងក្រោយ៕
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បញ្ជាក់ថា បើផុតឱសាទនេះ រថយន្តចង្កូតស្តាំគ្មានពន្ធទាំងឡាយដែលមិនបានចុះបញ្ជី នឹងត្រូវចាត់ទុកថា ជារថយន្តល្មើសច្បាប់ ដែលនឹងទទួលរងនូវការអនុវត្តច្បាប់ដោយពុំមានការអនុគ្រោះបន្តទៀតឡើយ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖