(កំពង់ឆ្នាំង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយនាយកសាលាពលទាហានយោធភូមិភាគពិសេស ដោយរថយន្តរបស់គាត់បុកម៉ូតូពលរដ្ឋមួយគ្រួសារ នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្តាលឲ្យស្លាប់កូនតូចអាយុ ៣ឆ្នាំម្នាក់ និងរងរបួសបាក់ជើងឪពុកយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅមិនទាន់បានដោះស្រាយនោះទេ ហើយជនរងគ្រោះទាំងម្តាយ និងឪពុកនៅតែទទូចឲ្យជនបង្កជាមន្រ្តីយោធាជាន់ខ្ពស់រូបនេះ ចេញមកទទួលខុសត្រូវ និងផ្តល់សំណងជូនដល់ក្រុមគ្រួសាររបស់ខ្លួន។
កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ អ្នកយកព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា បានចុះទៅជួបជាមួយក្រុមគ្រួសារជនរងគ្រោះដោយផ្ទាល់ ស្ថិតនៅក្នុងភូមិទឹកចេញ ឃុំជើង គ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ខណៈនោះបុរសត្រូវជាឪពុកកុមារតូចរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា ប្អូនប្រុសមានឈ្មោះ វិន សុឡា អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ ខាន់ ស្រីមុំ អាយុ៣៥ឆ្នាំ មានកូន៣នាក់ នៅក្នុងបន្ទុក មានប្រុស២ ស្រីម្នាក់ (កូនស្រីច្បងអាយុ៦ឆ្នាំ និងកូនប្រុស២នាក់ អាយុ៣ឆ្នាំជាកូនភ្លោះ ហើយបានស្លាប់ម្នាក់)។ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធមានមុខរបរ ដោយស្ត្រីជាភរិយាធ្វើជាកម្មការិនីរោងចក្រ និងប្ដីមានមុខរបរជាងជួសជុលម៉ូតូនៅ និងផ្ទះ។
ប្អូនស្រីដែលជាម្ដាយកុមាររងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុពួកគាត់ទាំងពីរនាក់ បាននាំកូនៗទៅលេងលោកយាយរបស់ពួកគេនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លុះល្ងាចឡើងក៏នាំកូនតូចត្រឡប់ ទៅផ្ទះវិញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ដោយប្ដីរបស់គាត់ជាអ្នកឌុប គឺគាត់ជិះក្នុងល្បឿនមធ្យមដោយសារតែមានដឹកកូនតូចៗផង លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចក្លោងទ្វារចូលទៅសាលាភមិភាគ៦ នៅវេលាម៉ោងប្រមាណជា ៧យប់ ក៏ស្រាប់តែត្រូវបានរថយន្តខាងលើ បើកបើកក្នុងទិសដៅច្រាសគ្នា ហើយបានបត់ចូលទៅសាលាទាហានភូមិភាព៦ ដោយមិនមានភ្លើងស៊ីញ៉ូបត់ ក៏បានមកបុកម៉ូតូពួកគាត់ទាំងកំរោលតែម្ដង។ ក្នុងហេតុការណ៍ខាងលើនេះដែរ បានបណ្ដាលឲ្យកូនប្រុសតូចរបស់គាត់រងរបួសត្រង់ក្បាលធន់ធ្ងរ ត្រូវបានបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យគន្ធបុប្ផា តែដោយសារស្ថានភាពកូនរបស់គាត់ធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន កូនរបស់គាត់ក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យនោះទៅ។
ដោយឡែកប្ដីរបស់គាត់ក៏បានរងគ្រោះ បាក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា នៅឯទីក្រុងភ្នំពេញរយៈពេល ៤យប់ ៤ថ្ងៃ ទើបចេញពីមន្ទីរពេទ្យ មកព្យាបាលនៅផ្ទះវិញ មកដល់បច្ចុប្បន្ននេះប្ដីរបស់គាត់មិនទាន់ជាសះស្បើយ ដើរបាននៅឡើយទេ គឺដេកនៅតែលើគ្រែមួយកន្លែងតែប៉ុណ្ណោះ។
ជាចុងក្រោយ ពីរនាក់ប្ដីប្រពន្ធ និងកូនតូចៗ ព្រមទាំងលោកយាយរបស់ពួកគេផង ក៏បានលើកដៃសំពះស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាលោកព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង សូមលោកមេត្តាជួយផ្ដល់យុត្តិធម៌ ដល់ក្រុមគ្រួសាររបស់ពួកគាត់ ដែលបានបាត់បង់ជីវិតកូនប្រុសម្នាក់ ដែលជាកូនភ្លោះពីរនាក់បងប្អូន ឥឡូវនេះត្រូវបែកបងរបស់គេដែលបែកជារៀងរហូត និងប្ដីរបស់គាត់ក៏ត្រូវពីការជើងម្ខាង ដែលមិនអាចដើរហើរកស៊ីបាន។ មិនតែប៉ុណ្ណោះក្រុមគ្រួសាររបស់គាត់ក៏ត្រូវបានលោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន ជានាយកសាលាពលទាហានភូមិភាគពិសេសខាងលើ ប្តឹងទាមទារសំណងពីពួកគាត់ចំនួន ១ម៉ឺនដុល្លារទៀតផង លុយចំនួននេះតើឱ្យពួកគាត់ទៅរកឯណា បើសព្វថ្ងៃគ្រួសាររបស់គាត់មិនមានផ្ទះសម្បែង ដើម្បីរស់នៅឲ្យបានសមរម្យផងនោះ។ ហើយម្យ៉ាងគ្រួសារគាត់ជាអ្នករងគ្រោះ រហូតបាត់បង់ជីវិតកូនដែលជាទីស្រឡាញ់របស់គាត់ម្នាក់ និងប្ដីរបស់គាត់ក៏ត្រូវពីការជើងផងនោះ។
ជុំវិញហេតុការណ៍ខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បង្កឲ្យមានកុមារតូចម្នាក់បាត់បង់ជីវិត និងរងរបួសបាក់ជើងបុរសម្នាក់នោះបើយោ ងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ ដែលគេមានបច្ចេកទេសត្រឹមត្រូវ និងមានបទពិសោធន៍ក្នុងការងារនេះពិសេសជាងនេះទៅទៀតនោះ គឺមានរូបភាពនៅនឹងកន្លែងកើតហេតុ បញ្ជាក់យ៉ាងច្បាស់លាស់ឃើញថា គឺភាគីខាងរថយន្តជាអ្នកបង្កពិតប្រាកដដោយមិនអាចប្រកែកបាន។
ដូច្នេះរបាយការណ៍របស់សមត្ថកិច្ចទាំងអស់គឺជាឯកសារផ្លូវការ ដោយមានការចុះហត្ថលេខាទទួលស្គាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងទៀតផង។ ដូច្នេះបើភាគីណាមិនពេញចិត្ត ឬក៏មិនឯកភាពជាមួយនឹងរបាយការណ៍របស់សមត្ថកិច្ចជំនាញនោះទេ អស់លោកមានសិទ្ធិប្ដឹងបាន។
តាំងពីថ្ងៃកើតហេតុ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ជនរងគ្រោះមិនទាន់ទទួលបានពន្លឺនៃយុត្តិធម៌នៅឡើយទេ ពោលមន្ដ្រីនគរបាលមូលដ្ឋាន បានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្ដនីតិវិធីតាមច្បាប់ ដោយហេតុថា ករណីនេះបានបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងបុរសម្នាក់រងរបួសបាក់ជើងម្ខាង។
ទន្ទឹមនឹងតុលាការកំពុងបន្ដនីតិវិធី ហើយជនរងគ្រោះក៏កំពុងរង់ចាំពន្លឺនៃពាក្យថា «យុត្តិធម៌» នោះ ស្រាប់តែភាគីជនបង្ក ដែលជាមន្ដ្រីយោធាជាន់ខ្ពស់ មានឋានន្ដរស័ក្ដិជាឧត្តមសេនីយ៍ទៀតនោះ បានដាក់ពាក្យបណ្ដឹងដោយឡែកមួយ ទៅកាន់តុលាការ ហើយចោទប្រកាន់ជនរងគ្រោះថា បានជិះម៉ូតូបុករថយន្ដរបស់ខ្លួន ព្រមទាំងទាមទារសំណង១ម៉ឺនដុល្លារថែមទៀតផង។
ការដាក់ពាក្យបណ្ដឹងរបស់មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះ ហួសចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថា ពួកគាត់ជាជនរងគ្រោះ រហូតបាត់បង់កូនតូចជាទីស្រលាញ់ម្នាក់ត្រឹមមួយពព្រិចភ្នែក បែរជាជនបង្កមកដាក់ពាក្យបណ្ដឹងប្ដឹងខ្លួនថា ជាអ្នកបង្កហេតុ បើកម៉ូតូបុករថយន្ដទៅវិញ។
អ្វីដែលបង្ហាញឲ្យឃើញច្បាស់ជាក់ស្ដែងថា មន្ដ្រីយោធានេះជាអ្នកបង្កហេតុនោះ គឺរូបភាពដែលគេថតជាប់នៅកន្លែងកើតហេតុ បញ្ជាក់ថា រថយន្ដរបស់មន្ដ្រីយោធាឈ្មោះ កង ប៊ុនធឿន បានជិះចូលមកគន្លងខាងស្ដាំដៃរបស់ជនរងគ្រោះ ស្ទើរទាំងស្រុងទៅហើយ ចុះហេតុអ្វី បានជាជនបង្កហ៊ានដាក់ពាក្យប្ដឹងជនរងគ្រោះទៅវិញ។
មួយវិញទៀត សូម្បីតែរបាយការណ៍របស់លោកវរសេ នីយ៍ឯក ឈឹម សាវុន នាយការិយាល័យនគរបាលចរាច រណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ច្បាស់ហើយថា ឈ្មោះ កង ប៊ុនធឿន ជាអ្នកបង្កហេតុ ដោយបត់ឆ្វេងឆ្លងកាត់ទ្រូងផ្លូវខ្វះការប្រុង ប្រយ័ត្ន ដោយមិនគោរពសិទ្ធិអាទិភាព(ផ្លូវត្រង់មានសិទ្ធិទៅមុន)។
របាយការណ៍របស់លោកវរសេនីយ៍ឯក ឈឹម សាវុន បានសង្កត់ធ្ងន់ទៀតថា ជនបង្កមានចេតនាគេចវេសមិនទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដោយបង្ហាញអត្តសញ្ញាអ្នកបើកបរមិនពិតប្រាកដថែមទៀតផង៕