(កំពង់ធំ)៖ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ស្ថិតនៅក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវសិស្សានុសិស្សទាំងអស់ សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីចៀសវាងនូវការឆ្លងជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង ដែលធ្វើឲ្យប៉ះពាល់ការសិក្សា និងសេដ្ឋកិច្ចជាតិទាំងមូល។
ជាមួយគ្នានេះ លោក សុខ លូ បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។
លោកបន្តទៀតថា កន្លងមកអត្រាកំណើនសិស្សនៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួលបាននិទ្ទេសល្អ ថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគតប្រទេសជាតិយើង។
លើសពីនេះទៀត លោកក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្វផ្សាយបន្ថែមទៀតអំពីការរស់នៅបែបកន្លងថ្មី ដើម្បីជៀសវាងឆ្លងជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សាអនាម័យឱ្យ បានជាប់ជានិច្ច រាល់ការធ្វើដំណើរ ត្រូវពាក់ម៉ាស នឹងមានទឹកអាកល់ឬជែលលាងដៃ យកតាមខ្លួនជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ហើយជំងឺកូវីដ១៩នេះ មិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេ គឺកើតមានទូទាំងសាកលលោក ដោយពុំទាន់មានថ្នាំព្យាបាលនោះទេ។
ទន្ទឹមនោះដែរ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងថា ក្រសួងអប់រំបានចេញសេចក្តីណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដោយរក្សាអនាម័យស្អាត រក្សាគម្លាតសុវត្តិភាព និងពាក់ម៉ាសក្នុងករណីចាំបាច់។
លោកប្រធានបន្តថា ក្រសួងអប់រំបានឲ្យគ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ ត្រូវអនុវត្តកម្មវិធីសិក្សារបង្រួញ ក្នុងនោះរួមមានមុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជម្រើសនៅក្នុងមុខវិជ្ជាកាតព្វកិច្ចមានមុខវិជ្ជាចំនួនពីរ គឺភាសាខ្មែរ និងគណិតវិទ្យា ដែលមុវវិជ្ជាទាំងពីរនេះត្រូវអនុវត្តទាំងស្រុងតាមកម្មវិធីសិក្សា៕