បំណែកយន្តហោះមួយ ត្រូវបានរកឃើញ នៅក្នុងវៀតណាម
19-02-2016 18:46
(ហូជីមីញ)៖ អាជ្ញាធរវៀតណាម បាននិងកំពុងធ្វើការត្រួតពិនិត្យ កម្ទេចមួយបំណែក ដែលត្រូវបានគេសង្ស័យថា ជាផ្នែករបស់យន្តហោះ ប៉ុន្តែគេមិនបានសង្ស័យថា បំណែកនោះ ជារបស់យន្តហោះ MH370 ឡើយ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
មេបញ្ជាការយោធាស្រុក Van Ninh ខេត្ត Khanh Hoa បានធ្វើការត្រួតពិនិត្យបំណែកដែលរកឃើញ ដោយអ្នកនេសាទម្នាក់ ហើយតាមសេចក្តីរាយការណ៍ជាបឋម វាគឺជាបំណែករបស់យន្តហោះ នេះបើតាមសម្តីរបស់លោក Vo Hoan Hai លេខាធិការនៃគណៈកម្មាធិកាបក្សស្រុក Van Ninh បានឲ្យដឹងយ៉ាងដូច្នេះ។
បុរសវ័យ៤១ឆ្នាំ ឈ្មោះ Le Tan Binh ជាអ្នកនេសាទ បានឲ្យដឹងថា លោកបានរកឃើញបំណែកមួយ ធ្វើឡើងពីអាលុយមីញ៉ូម មានប្រវែង ៣,១ម៉ែត្រ ទម្ងន់ជិត ១០០គីឡូក្រាម កាលពីថ្ងៃទី១១ ខែកុម្ភៈ នាតំបន់ឈូងសមុទ្រ Khanh Hoa ប៉ុន្តែដោយសារតែជាប់រវល់ជាមួយការងារនៅសមុទ្រ លោកមិនបានរាយការណ៍ករណីនេះ មកកាន់អាជ្ញាធរក្នុងតំបន់នោះទេ។ បើទោះបីជាករណីនេះ ត្រូវបានរាយការណ៍ ទៅកាន់ក្រុមអាជ្ញាធរក្តី ប៉ុន្តែលោក Binh នៅតែរក្សាទុកបំណែកលោហៈនោះ នៅក្នុងផ្ទះរបស់លោកដដែល៕