(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីឲ្យទីក្រុងក្លាយជាទីក្រុងមានពណ៌បៃតងមានបរិស្ថានល្អ។
ការសម្រេចបែបនេះបានធ្វើឡើង ខណៈដែលលោក ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើទាំង៣ដើមនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងដំណើរនៃការចុះពិនិត្យដើមឈើនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ដើមឈើទាំង៣ដើមនេះ មិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន។ តែលោកបានបញ្ជាឲ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែក ឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឲ្យរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃ៨ ខែមករា កន្លងមកនេះហើយថា ដើមឈើធំៗនៅសួនកាណាឌីយ៉ា, មុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធរ ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើ ចំនួន៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ៕