(ពោធិ៍សាត់)៖ សិក្ខាសាលាស្តីពីឆ្លុះបញ្ចាំងការអភិវឌ្ឍសមត្ថភាព សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលបានដំណើរការទៅមួយថ្ងៃពេញ តាមកម្មវិធីដែលបានគ្រោងទុក ប្រកបទៅដោយលទ្ធផលជាផ្លែផ្កា នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ត្រូវបានធ្វើពិធីបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តពោធិ៍សាត់ និងជាប្រធានគម្រោង។

អង្គសិក្ខាសាលានេះសហការរៀបចំដោយ សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ នៃខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងអង្គការ អេអេអាក់ស្យុង(Aide et Action) ដោយបានការចូលរួមពីថ្នាក់ដឹកនាំ និងលេខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, ប្រធានសាខា គណៈកម្មាធិការ និងសមាជិក តាមក្រុងស្រុកឃុំសង្កាត់, មន្ត្រីលេខាធិការដ្ឋាន, មន្ត្រីគម្រោង និងប្រធាន អនុប្រធាន និងលេខាសមាគម៥ខេត្ត សរុបប្រមាណ៧០រូប។

សិក្ខាសាលានេះមានគោលបំណង៖
១៖ ឆ្លុះបញ្ចាំងការអភិវឌ្ឍសមត្ថភាពដល់អ្នកដឹកនាំ និងសមាជិកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានកន្លងមក (អំពីចំណុចខ្លាំង, ចំណុចខ្វះខាត, ឱកាស, ភាពគម្រាមកំហែង និងមេរៀនសិក្សា)។
២៖ ឆ្លុះបញ្ចាំងការអនុវត្តផែនការសកម្មភាព របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងថវិការបស់គណៈកម្មាធិការនីមួយៗ ក្នុងឆ្នាំ២០២០។
៣៖ រៀបចំបង្កើត ក៏ដូចជាកសាងផែនការសកម្មភាព របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងថវិការបស់គណៈកម្មាធិការនីមួយៗ សម្រាប់ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសបិទសិក្ខាសាលា លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តពោធិ៍សាត់ និងជាប្រធានគម្រោង បានឱ្យដឹងថា សិក្ខាសាលារយៈពេលមួយថ្ងៃនេះ បានឆ្លុះបញ្ចាំង អំពីសកម្មភាពដែលបានអនុវត្តកន្លងមក រយៈពេលមួយឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២១ ដោយផ្តោយការយកចិត្តទុកដាក់ ទៅលើផែនការសកម្មភាព របស់សមាគម និងគម្រោង អភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងការប្រតិបត្តិ របស់សមាជិកក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន។

លោកបានបន្ថែមថា ចំពោះផែនការសកម្មភាពដែលនៅសេសសល់ របស់សមាគម និងគម្រោង ថ្នាក់ដឹកនាំ និងសមាជិកសមាគម ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ដោយអនុវត្តន៍ឱ្យទទួលបានជោគជ័យ។ លោកសង្ឃឹមជឿជាក់ថា សមាគមនៃខេត្តទាំង៦ រួមទាំងខេត្តពោធិ៍សាត់ ក្រោយពីបញ្ចប់អង្គសិក្ខានេះ នឹងបន្តផ្សព្វផ្សាយ ព្រមទាំងយកទៅអនុវត្តន៍ ឱ្យទទួលបានផ្លែផ្កា និងសម្រេចតាមផែនការដែលបានគ្រោងទុក៕