(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថា តាមការប៉ាន់ស្មានតម្រូវការបន្លែនៅក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោន ស្មើនឹង៦៨% ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន។
លោករដ្ឋមន្ត្រីបានបន្តថា កំណើនសេដ្ឋកិច្ច បានក្លាយជាដើមចមមួយយ៉ាងសំខាន់ នៃដំណើរការវិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូរពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។
លោកបន្តថា ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទូចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្ត នៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។
ឆ្លើយតបទៅតាមសេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដោយទទួលបានការគាំទ្រទាន់ពេលវេលាពីរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម បាននិងកំពុងជំរុញ គាំទ្រ និងលើក ទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានានៅទូទាំងប្រទេស ហើយតាមរយ:កិច្ចសហការដ៏ល្អនេះ។
ជាមួយក្រសួងកសិកម្មសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។ ជាងនេះទៅទៀត ក្រសួងក៏បានគិតគូរយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវផងដែរអំពីលទ្ធភាពពង្រីក នៃការផលិតបន្លែសំខាន់ៗមួយចំនួន ដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានលក្ខណៈភូមិសាស្រ្ត និងសក្តានុពលក្នុងការផលិតបន្លែសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ៕