(ភ្នំពេញ)៖ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ដើមឆ្នាំ២០២១នេះ ម្រេចកំពត នឹងមានទីផ្សារល្អ ខណៈពេលបច្ចុប្បន្នមានក្រុមហ៊ុនធំៗ កំពុងចាប់ដៃគូជាមួយកសិករផ្ទាល់ នៅតាមសមាគមផលិត។
លោក ងួន ឡាយ បានឲ្យដឹងទៀតថា «សម្រាប់ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ ឃើញថា កសិករខ្នាតតូចធំទាំងអស់ ដែលស្ថិតនៅក្នុងសមាគម គឺសុទ្ធសឹងតែមានដៃគូរួចហើយដែរ ដូច្នេះម្រេចនៅពេលខាងមុខទៀត នឹងមានស្ថានភាពល្អ ព្រោះថាយើងមាននីតិវិធីថ្មី ដែលក្រុមហ៊ុនទទួលទិញផលិតផលរបស់យើង គឺពួកគេទិញនៅក្នុងលក្ខណៈសមធម៌ មានន័យថាក្រុមហ៊ុនទាំងនោះ បានចាប់ដៃជាមួយកសិករផ្ទាល់ សម្រាប់ការលក់ចេញទៅសហគមអឺរ៉ុប និងអាមេរិក ព្រោះគេពេញចិត្ត និងទិញនូវផលិតផលដែលជាលក្ខណៈសមធម៌នេះ»។
លោកបញ្ជាក់ថា ឆ្នាំ២០២០កន្លងទៅទិន្នផលមានការធ្លាក់ចុះបន្តិច ដោយកម្ពុជាផលិតម្រេចបានជាង ៨២តោន មិនមានការលក់នៅទីផ្សារទេសចរណ៍ក្នុងស្រុកទេ ដោយលក់ចេញទៅក្រៅជាង ៦៨តោន តែបើធៀបនឹងឆ្នាំ២០១៩ កម្ពុជាលក់បានជាង៧២តោន ក្នុងនោះលក់នៅទីផ្សារទេសចរណ៍ក្នុងស្រុកជាង៣០ភាគរយ។
លោកបញ្ជាក់ទៀតថា ក្នុងដំណើរការនៃការនាំចេញនូវផលិតផលម្រេចកំពតនេះ គឺមានក្រុមហ៊ុនជាច្រើនចូលរួមសហការ ជាក់ស្ដែងក្រុមហ៊ុន EU Land បានចូលជាសមាជិកជាមួយសមាគមតាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុននេះបានមកចុះកុងត្រាជាមួយកសិករខ្នាតតូចចំនួន ១៨០គ្រួសារ ស្មើនឹង១០តោន ហើយនៅឆ្នាំ២០២២ខាងមុខ ក្រុមហ៊ុននឹងទទួលទិញពីកសិករចំនួន ២០តោន លើសពីនេះកម្ពុជាក៏មានក្រុមហ៊ុនជាច្រើនទៀត ដែលបានធ្វើក្នុងលក្ខណៈសមធម៌នេះ និងមានការសហការជាមួយប្រជាកសិករដូចគ្នាផងដែរ។
លោកបានបន្ថែមថា បើទោះបីជាបណ្ដាប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាជួបបញ្ហាវិបត្តិជំងឺកូវីដ១៩ក្ដី តែសម្រាប់ការនាំចេញផលិតផលម្រេចកំពត នាពេលកន្លងមកឃើញថា មានដំណើរការជាធម្មតា ដោយអ្នកផលិតនៅតែផលិត និងអ្នកទទួលទិញនៅតែទទួលទិញ។ លោកបន្តថា តម្រូវការសម្រាប់ទីផ្សារម្រេចកំពត ជារៀងរាល់ឆ្នាំជាមធ្យម មានរង្វង់អាចតិចជាង ៧០តោន ឬអាចលើស៧០តោន។
លោកក៏បានបន្តថា ដំណើរការផលិតម្រេចកំពតនាពេលកន្លងមក ឃើញថាកាលពីឆ្នាំ២០១៧ កម្ពុជាផលិតម្រេចបានជាង ១០០តោន ដែលនេះជាតួលេខមួយលើសពីតម្រូវការទីផ្សារ ហើយបូករួមនឹងការផលិតនៅឆ្នាំបន្ទាប់មក ឃើញថាម្រេចក៏បានសល់ជាបន្តបន្ទាប់មក តែយ៉ាងណាមិញខាងសមាគម បានរៀបចំបង្កើនអ្នកវេចខ្ចប់ផលិតផលម្រេចកំពតផងដែរ។
លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ផ្ទៃដីដាំដុះម្រេច ដែលសមាគមមាន គឺប្រមាណ ២៣០ហិកតា មានសមាជិកជាផលិតករ៤៥៧ហិកតា មានសមាជិកជាក្រុមហ៊ុនចំនួន ៣៨ក្រុមហ៊ុន៕