
ជំងឺផ្តាសាយបក្សី (H5N1) សម្លាប់មាន់អ្នកខេត្តបាត់ដំបង ជាង១ពាន់ក្បាល, ជំងឺនេះមិនប៉ះពាល់សុខភាពមនុស្សនោះទេ (Video inside)
12-01-2021 06:47
(បាត់ដំបង)៖ មាន់ប្រជាពលរដ្ឋប្រមាណ ១៣០០ក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងកសិដ្ឋានមួយកន្លែងក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការងាប់នេះ ត្រូវបានអះអាងថា បណ្តាលមកពីជំងឺផ្តាសាយបក្សី (H5N1)។ ប៉ុន្តែជំងឺនេះ មិនប៉ះពាល់សុខភាពរបស់មនុស្សនោះឡើយ។
លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថាក្ រោយពីទទួលព័ត៌មាន លោកបានចុះទៅកាន់ទីកន្លែងចិញ្ចឹមមាន់ដែលមានម្ចាស់ឈ្មោះ ហូណាំ ជាមន្ត្រីសុខាភិបាល។ ក្រោយការពិនិត្យឃេីញមានមាន់ងាប់ជាបន្តបន្ទាប់ចំនួន ១៣០០ក្បាលទាំងតូចទាំងធំ ចាប់ពីថ្ងៃទី៥ ដល់៧ ខែមករា នោះ មន្ត្រីជំនាញសហការជាមួយម្ចាស់យកមាន់ដែលងាប់ទៅកប់ចោល មិនឱ្យបរិភោគ ឬលក់នោះទេ ហេីយបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហេីយដែរ ។
លោក ប៉ែន សេដ្ឋា បញ្ជាក់ថាទីតាំងចិញ្ចឹមមាន់នោះ មានចិញ្ចឹមទាកាប៉ាជាលក្ខណៈគ្រួសារដែរ។ កន្លែងចិញ្ចឹមនោះស្ថិតនៅដាច់ឆ្ងាយពីគេមិនមែនអ្នកភូមិនៅក្បែរនោះទេ។ ចំណែកអ្នកភូមិ មិនមានចិញ្ចឹមមាន់ច្រេីននោះទេ គឺមានចិញ្ចឹមតិចតួចប៉ុណ្ណោះ ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ Fresh News ថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់បានបង្ហាញថា ជាគ្រុនផ្តាសាយបក្សី (H5N1)។ ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ។
លោក វេង សាខុន បានបន្តថា មន្ត្រីជំនាញកំពុងបន្តពិនិត្យ និងគ្រប់គ្រងលើបញ្ហានេះ ដើម្បីកុំឱ្យរាលដាលខ្លាំង។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអំពាវនាវប្រជាពលរដ្ឋបេីឃេីញមាន់ឈឺ ឬងាប់ខុសប្រក្រតីនិងសង្ស័យកេីតជំងឺផ្តាយសាយ សូមរាយការណ៍បន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីការិយាល័យបសុព្យាបាល ឬមន្ទីរកសិកម្មផ្ទាល់ដេីម្បីចុះអន្តរាគមន៍៕