(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បុរសដែលដកកាំភ្លើងភ្ជង់យុវជនម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នោះ មិនមែនជាមន្រ្តីកងរាជអាវុធហត្ថ។ នេះបើតាមលិខិតបំភ្លឺរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោកសេចក្តីថ្លែងការណ៍របស់ខ្លួន លោក អេង ហ៉ី បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី។ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មាន ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ។ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់។

លោក អេង ហ៉ី បានបញ្ជាក់បន្ថែមថា៖ «ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណាដែលប្រព្រឹត្តនូវកំហុសឆ្គង ល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិនៃបទវិន័យទូទៅ និងលក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។ ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូច ទិសស្លោកដែលបានដាក់ចេញនាពេលកន្លងទៅ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវ តែគោរព បទល្មើសត្រូវតែបង្ក្រាប»