(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នាឱកាសប្រារព្វពិធីបើកបវេសនកាលថ្មីឆ្នាំ២០២១ នៅសាលាបឋមសិក្សាល្អ និងត្រពាំងទ្រាំង ក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ មានការចែកអំណោយទោចក្រយាន និងសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ៣៧២នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៣នាក់។

ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមុខងារសាធារណៈ លោកប្រធានក្រុមប្រឹក្សា និងអភិបាលរងខេត្តក្រចេះ លោកស្រី អស់លោកមន្ត្រីរាជការខេត្ត អភិបាល អភិបាលរងស្រុកចិត្របុរី មន្ត្រីមូលដ្ឋានភូមិ ឃុំ លោកគ្រូ អ្នកគ្រូប្រចាំសាលា និងមាតា បិតាសិស្សជាច្រើនរូបទៀត។

បន្ទាប់ពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ រួចមក លោករដ្ឋមន្ត្រីបានថ្លែងមតិកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋានរយៈពេលកន្លងមក ក្នុងការជ្រោមជ្រែងប្រជាពលរដ្ឋជាមាតា បិតាសិស្សក្នុងការពុះពារជំនះបញ្ហាប្រឈមនានា ដើម្បីឱ្យការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្សទាំងអស់ នៅមូលដ្ឋានដាច់ស្រយាល អាចដំណើរការបានជាប្រក្រតី។

លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើជូនអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ឆ្លងកាត់ការខិតខំពុះពាររាល់ការលំបាកក្នុងឆ្នាំ២០២០ យើងត្រូវបន្តរួមសាមគ្គីគ្នាក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខសំដៅប្រយុទ្ធប្រឆាំងឱ្យឈ្នះកូវីដ១៩ និងដោះស្រាយបានរាល់ផលវិបាកនៃវិបត្តិកូវីដ១៩ ដើម្បីជម្រុញយ៉ាងរឹងមាំនូវបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍ សុខុមាលភាព និងវិបុលភាពរបស់មាតុភូមិ និងប្រជាជនយើងជានិរត្តន៍តរៀងទៅ៕