(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចូលរួមបើកបវេសនកាល ឆ្នាំសិក្សាថ្មី (២០២០-២០២១) ជានិមិត្តរូប សម្រាប់នៅខេត្តសៀមរាបទាំងមូល ដែលបានរៀបចំនៅវិទ្យាល័យ ១០ មករា ១៩៧៩។ សកម្មភាពនេះធ្វើឡើងដោយមានការចូលរួមពីមន្ត្រី រាជការ ប្រធានមន្ទីរ អង្គភាព ស្ថាប័ន លោលគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរយនាក់ ផងដែរ ហើយពីធីនេះត្រូវបានស្ថិតនៅលើគន្លងថ្មីក្នុងវិស័យអប់រំ ដោយចាត់វិធានការបង្ការខ្លួនពីជំងឺកូវីដ-១៩។
តាមរបាយការណ៍របស់លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប បានឲ្យដឹងថា នៅមុនវិបត្តិកូវីដ-១៩ អនុវិស័យការអប់រំមធ្យមសិក្សា បានផ្តល់សេវាអប់រំគ្របដណ្តប់លើគ្រប់ឃុំ-សង្កាត់ទូទាំងខេត្ត ក្នុងនោះអនុវិទ្យាល័យ ចំនួន ៨១កន្លែង, វិទ្យាល័យចំនួន ៤២កន្លែង, បានផ្តល់សេវាអប់រំដល់សិស្សជិត ៨ម៉ឺននាក់ ក្នុងនេះសិស្សនារីជិត ៥ម៉ឺននាក់។ អត្រាប្រឡងជាប់មធ្យមសិក្សាបឋមភូមិ ក្នុងឆ្នាំសិក្សា២០១៨-២០១៩កន្លងមកនេះ ស្ថិតក្នុងរង្វង់ ៩៥% ក្នុងនេះសិស្សនារីស្ថិតក្នុងអត្រា ៩៧%។ អត្រាប្រឡងជាប់មធ្យមសិក្សាទុតិយភូមិក្នុងរង្វង់ជាង ៧៧% ហើយសិស្សនារី៨០%។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០១៩-២០២០ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានចំនួនសិស្សសារុបជាង ១ម៉ឺន ៣ពាន់នាក់ និងទុតិយភូមិ មានចំនួនជាង ៩ពាន់នាក់ ត្រូវបានកំណត់ឱ្យជាប់ជាស្ថាពរ ១០០% ដោយមិនកំណត់ឧទ្ទេសឡើយ។
ក្នុងនោះលោក ទៀ សីហា ក៏បានអាននូវសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលក្នុងនោះបានឆ្លុះបង្ហាញថា ការអនុវត្តវិធានការសុវត្ថិភាព សុខភាព សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន និងការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក ការផ្តល់សេវារៀនសូត្រពីចម្ងាយ ការនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា ៣ដំណាក់កាល ទាំងអស់នេះត្រូវបានធានាឱ្យសិស្សានុសិស្ស-និស្សិតនៅគ្រប់ភូមិសិក្សា នៅតែបន្តទទួលបានសេវាអប់រំ តាមរូបភាពការអប់រំតាមបែបចម្រុះ ឬក៏អាចនិយាយបានថា សិស្សបានរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផងដែរ។
លោកអភិបាលខេត្ត ក៏បានជំរុញឲ្យគ្រូបង្រៀន និងសិស្សានុសិស្ស បន្តការពារខ្លួន និងអនុវត្តតាមវិធានការរាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងឆ្នាំសិក្សាថ្មីនេះ។
លោកបញ្ជាក់ថា «ខ្ញុំសូមធ្វើការក្រើនរំលឹក និងអំពាវនាវដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ក្មួយៗសិស្សានុសិស្ស ត្រូវចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ ការឆ្លងរាលដាលកូវីដ១៩ ដោយធ្វើអនាម័យឱ្យបានជាប្រចាំ ដោយលាងសម្អាតដៃនឹងទឹកសាប៊ូ ជេល ឬ អាល់កុល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពយើង សាលារៀនយើង និងសង្គមជាតិយើង»។
លោកក៏បានលើកផងដែរថា ក្រោមម្លប់សន្តិភាព សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងវិស័យអប់រំ ព្រមទាំងផ្តល់អគារសិក្សានៅគ្រប់ទីកន្លែង ដើមី្បឱ្យក្មួយៗបានសិក្សារៀនសូត្រ ព្រមទាំងបានយកចិត្តទុកដាក់លើកកម្ពស់សុខភាពអនាម័យ និងវិធានការការពារកូវីដ-១៩ ដើម្បីការពារកុំឱ្យមានការឆ្លងចូលមកក្នុងគ្រឹះស្ថានសិក្សា ត្រូវការពារសុវត្ថិភាព សុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព ១,៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ ទៀតផង។
ម៉្យាងទៀតក្នុងពេលនេះ ខេត្តសៀមរាប មានគម្រោងសាងសង់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ក្រោមការផ្តល់ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង នៅពេលដែលកំពុងជួបវិបត្តិកូវីដ-១៩ ព្រមទាំងគម្រោងការអភិវឌ្ឍន៍ស្ទឹងសៀមរាបផងដែរ។
ក្នុងនោះលោកក៏បានសុំឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលខេត្តកំពុងធ្វើការសាងសង់ផ្លូវទាំង៣៨ខ្សែ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ ទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើមី្បបញ្ជៀសនូវការគ្រោះថ្នាក់ចរាចរណ៍។ លោកបានផ្តាំផ្ញើក្មួយៗឱ្យខិតខំសិក្សារៀនសូត្រឱ្យក្លាយទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជៀសឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍ ព្រមទាំងចូលរួមក្នុងការងារសង្គម ផងដែរ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការចែកបណ្ណសរសើរ និងរង្វាន់ដល់សិស្សគ្រប់ថ្នាក់ ដែលរៀនពូកែ និងជាប់លំដាប់ថ្នាក់លេខ១ និងលេខ២ ទៀតផង៕