(ភ្នំពេញ)៖ ត្រឹមខែមករា ឆ្នាំ២០២១ អតិថិជនជាង២៨ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទឹកប្រាក់ ១ ៣៨២លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ។

លោក កាំង តុងងី បានឲ្យដឹងយ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៦៩ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១១ គ្រឹះស្ថានឥណទានជនបទចំនួន១៩ និងធនាគារចំនួន ៤ បានរៀបចំឥណទានឡើងវិញចំនួន ១៣៨២ លានដុល្លារសហរដ្ឋអាមេរិក ជូនដល់អតិថិជន ២៨៥ ២៣៤ គ្រួសារ ក្នុងចំនោមអតិថិជន ៣០៣ ៥៩៣ ដែលបានស្នើសុំ»។

លោកបន្តថា ការស្នើសុំរៀបចំឥណទានឡើងវិញ បានថយចុះមកកំរិតថេរ ក្នុងរយៈពេល៤ខែចុងក្រោយនេះ ដោយការស្នើសុំមានចំនួនជាងមួយពាន់សំណើ ក្នុងមួយសប្តាហ៍។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ការរៀបចំឥណទានឡើងវិញ បានជួយដល់អតិថិជនយ៉ាងច្រើន ពិសេសអ្នកដែលទទួលរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩ ដោយសារតែអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យមួយចំនួន បានរងផលប៉ះពាល់ដល់ចំណូលរបស់ពួកគាត់ ដូច្នេះបើសិនមិនមានការរៀបចំឥណទានឡើងវិញទេនោះ អតិថិជនទាំងនឹងជួបប្រទះនូវផលវិបាក ក្នុងការបង់ត្រឡប់មកវិញ តាមកិច្ចសន្យាដំបូង។

លោកបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញនេះ បានផ្តល់ឱកាសឲ្យអតិថិជនអាចបង់ប្រាក់ត្រឡប់មកវិញ នូវអត្រាកំណត់ថ្មី ហើយនៅពេលស្ថានភាពត្រឡប់មកភាពធម្មតាវិញ នោះពួកគាត់អាចនឹងមានលទ្ធផលបង់តាមកិច្ចសន្យាដើមវិញ។

លោកថា ការរៀបចំឥណទានឡើងវិញនេះ ក៏ជួយឲ្យប្រជាពលរដ្ឋ អាចមានចំណែកសាច់ប្រាក់មួយចំនួនទៅពង្រីកនូវអាជីវកម្ម និងមុខរបររបស់ខ្លួនផងដែរ៕