(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា មូលនិធិ (ហោ ណាំហុង-បូរី ហោ) នឹងបន្តជួយដល់កុមារមានពិការភាព គថ្លង់ និងជនក្រីក្រ ដែលជួបការលំបាកតទៅមុខទៀត ដោយមិនឈប់ត្រឹមប៉ុណ្ណឹងនោះទេ និងបន្តអំពាវនាវដល់អ្នកមានលទ្ធភាពចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមលើកកម្ពស់គុណតម្លៃកិច្ចការមនុស្សធម៌។
ការបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្នុងពិធីលោកបានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ១ខ្នង កម្ពស់៣ជាន់ ស្នើនឹង១២បន្ទប់ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម។ ដោយការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនផងដែរ។
ជាក់ស្តែងអគារស្នាក់នៅសម្រាប់កុមាពិការ គថ្លង់ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១២បន្ទប់ ដែលមូលនិធិហោ ណាំហុង-បូរី ហោ បានរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា កសាងជូន។ ដោយសង្ឃឹមថា អគារថ្មីនេះ និងសម្ភារអេឡិចត្រូនិចនឹងជួយសម្រួលការសិក្សា និងការស្នាក់នៅរបស់សិស្សទាំងអស់ក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម។
អតីតប្រមុខការទូតកម្ពជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានការអាណិតអាសូរជាពិសេសកុមារ យុវជនពិការយុវនារី ពិការទាំងដៃទាំងជើង ដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់បាក់ឌុបជាប់ហើយខិតខំរៀនបន្តមហាវិទ្យាល័យទៀត...! មូលនិធិនេះ (ហោ ណាំហុង-បូរី ហោ) នឹងប ន្តជួយជនពិការ ឬអ្នក្រីក្រមានការលំបាកតទៅមុខទៀត មិនឈប់ត្រឹមប៉ុណ្ណឹងនោះទេ តាមលទ្ធភាព តាមសមត្ថភាពរបស់ខ្លួន»។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានបញ្ជាក់ពីមូលហេុតនៃការបន្តជ័យជួយដល់កុមារពិការ យុវជន យុវនារី និងអ្នក្រីក្រ របស់មូលនិធិ «ហោ ណាំហុង-បូរី ហោ» គឺលោកបានយកគំរូដ៏វិសេសវិសាលតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយដល់ការលំបាករបស់ជនមានពិការភាព និងជនទីទាល់ក្រទាំងឡាយជាដើម។
ក្រៅពីការយកចិត្តទុកដាក់ជូនសម្រាលការលំបាកដល់ជូនមានពិការភាព និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានគុសបញ្ជាក់ថា ជាក់ស្តែងប្រទេសកម្ពុជា កំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ដូចបណ្តាប្រទេសនានាទូទាំងសកលលោកដែលនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋក្រីក្រ ន ិងកម្មករ កម្មការិនីដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ផងដែរ។
«ដូច្នេះ ខ្ញុំយកគំរូដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែងជួយដល់អ្នកក្រីក្រ ជួបការលំបាកគ្រប់ពេលវេលទាំងអស់ ខ្ញុំដើរតាមគន្លងដ៏ល្អ ដ៏វិសេសវិសាល ដ៏ថ្លៃថ្នូររបស់សម្តេចតេជោ»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានអំពាវនាវដល់បណ្តាសប្បុរជនផ្សេងៗទៀត ដែលមានលទ្ធភាពសូមចូលរួមជាមួយមូលនិធិ «ហោ ណាំហុង-បូរី ហោ» ដើម្បីជួយដល់កុមារ ជនមានពិការភាព ឬអ្នកក្រីក្រ មានការលំបាកឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយគុណតម្លៃមនុស្សធម៌ជាដើម។
សូមបញ្ជាក់ថា មូលនិធិហោ ណាំហុង-បូរី ហោ ត្រូវបានបង្កើតឡើង នៅខែមករា ឆ្នាំ២០១៩ ហើយមកដល់ថ្ងៃនេះ បានជួយឧបត្ថម្ភកុមារកំព្រា ពិការ ខ្សោយសតិបញ្ញា និងកើតជំងឺអេដស៍ផង ព្រមទាំងកុមារពិការភ្នែក និងគថ្លង់ បានចំនួន៣០៥នាក់ហើយ នៅបុរីទារក និងកុមារជាតិភ្នំពេញ និងវិទ្យាល័យអប់រំ ពិសេសក្នុងខេត្តកំពង់ចាម ដោយបានជួយឧបត្ថម្ភថវិកា ចំនួន៩៦០,០០០,០០០រៀល ក្នុង១ឆ្នាំ។
មូលនិធិ ហោ ណាំហុង-បូរីហោ គឺជាការចូលរួមចំណែកតិចតួច ក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ពិសេសជាការផ្តល់ជំនួយដ៏ធំធេង របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការ និងកុមារពិការទូទាំងប្រទេសកម្ពុជាផងដែរ៕