(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាកម្លាំងនគរបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូធំដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន។
ក្នុងសារសំឡេងផ្ញើទៅកាន់នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ការផ្អាកបណ្ដោះអាសន្ននេះ គឺរង់ចាំទទួលបញ្ជាថ្មីពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃនោះទេ ពោលមានសំណុំដើមមកពីរោងចក្រតែម្ដង។
លោកឧត្តមសេនីយ៍ឯក ស ថេត បានមើលឃើញថា ក្រោយមានបទបញ្ជាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងលឺខ្លាំងបង្កការរំខាន មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលជាការខុសពីបទបញ្ជា។
លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «តាមខណ្ឌទាំងអស់ផ្អាកធ្វើការឃាត់ម៉ូតូធំ ម៉ូតូដែលមានស៉ីម៉ាំងអត់មានសំបុកដែលមានសំឡេងលឺខ្លាំងសិន ផ្អាកសិនដើម្បីរង់ចាំបទបញ្ជាថ្មី [...] ព្រោះម៉ូតូធំខ្លះគេមានសំបុកស៉ីម៉ាំងបើកទៅអត់លឺរំខានទេ ដូច្នេះប្រភេទនេះអត់មានខុសទេ»។
គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំលេងរំខានដល់ប្រជាពលរដ្ឋ។
ការដាក់បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីសម្ដេចសង្កេតឃើញថា មានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពុងស៉ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំលេងលឺខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសសម្ដេចផ្ទាល់ក៏ធ្លាប់ជួបការរំខាន ដោយសំលេងបំពុងស៉ីម៉ាំងនេះផងដែរ។
បទបញ្ជាជាថ្មីរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងដែលមានការពាក់ព័ន្ធ និងប្រធានស្ថាប័នជាច្រើនផ្សេងទៀតផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា កន្លងទៅអ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗ ហើយខ្លះបានបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពេលខ្លះរំខានដល់ដំណេករបស់ថ្នាក់ដឹកនាំថែមទៀតផង ដូច្នេះមន្ដ្រីនគរបាល ត្រូវឃ្លាំមើលសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់អត្តសញ្ញាណ និងអាសយដ្ឋានអ្នកជិះម៉ូតូទាំងអស់នេះ៕