(ភ្នំពេញ)៖ តាមរយៈស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង, សកលវិទ្យាល័យ Soonchunhyang University Hospital បានប្រគល់ជូនប្រជាជនកម្ពុជានូវម៉ាសការពារជំងឺប្រមាណ ១០ម៉ឺនសន្លឹក (ប្រភេទ KD94 និង KF-AD) ឧបករណ៍វាស់កំដៅចំនួន ៤៨គ្រឿង និងបន្ទះប្លាស្ទិកបិទការពារមេរោគ (Anti-Virus Film) ចំនួន ២០ប្រអប់ (ក្នុងមួយប្រអប់មានប្រវែង ១០ម៉ែត្រ) ក្នុងយុទ្ធនាការជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា។

បរិក្ខារទាំងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល នឹងត្រូវយកទៅចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ មន្ទីពេទ្យព្រះអង្គឌួង មន្ទីរសុខាភិបាលខេត្តរតនគិរី និងមណ្ឌលគិរី ព្រមទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

បន្ទាប់ពីបានចុះអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជានៅសេអ៊ូល មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang បានសហការយ៉ាងល្អប្រសើរជាមួយស្ថានទូតក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជន ជាពិសេសបានផ្ដល់ការបញ្ចុះតម្លៃចំនួន៣០ភាគរយ នៃថ្លៃព្យាបាលសរុបជូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េទាំងអស់រួមទាំងអ្នកដែលមិនមានធានារ៉ាប់រងសុខភាពក៏ដោយ។

សូមអរគុណជាពិសេស ដល់ក្រុមបុគ្គលិកបំរើការនៅសាកលវិទ្យាល័យ ដែលទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា Leo Yonghyun ដែលបានដុតដៃដុតជើង សម្របសម្រួលអំណោយដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនយើងទាំងពីរក្នុងវិស័យសុខាភិបាល៕