(ភ្នំពេញ)៖ កម្ពុជាបានស្ថិតក្នុងស្ថានភាពមួយដ៏ល្អប្រសើរ ក្នុងការនាំចេញអង្ករ ទៅកាន់ប្រទេសក្រៅ ដោយស្ថិតក្នុងចំណោមប្រទេសចំនួន៣ លើពិភពលោក ដែលមានកំណើតនាំចេញអង្ករ ក្នុងកម្រិតវិជ្ជមាន នៅឆ្នាំ២០២០ និងនាំមុខគេក្នុងតំបន់អាស៊ាន។ នេះបើតាមលោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ឲ្យដឹងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។
លោក សុង សារ៉ន បានថ្លែងឲ្យដឹងថា «កម្ពុជាត្រូវបានជាប់ឈ្មោះជាប្រទេសមួយ ក្នុងចំណោម១៥ប្រទេស ក្នុងនោះមាន៣ប្រទេសបង្កើនការនាំចេញលេចធ្លោ លើពិភពលោកមាន៖ ប្រទេសកម្ពុជា, ឥណ្ឌា និងប៉ារ៉ាហ្គាយ ដែលនាំចេញអង្ករកើនឡើង ក្រៅប្រទេសទាំង៣នេះ គឺនាំចេញមានការថយចុះ (អវិជ្ជមាន)»។
លោកឧកញ៉ាបានបន្ដថា ទំហំនៃការជួញដូរអង្ករលើពិភពលោកឆ្នាំ២០២០ ដូចគ្នានឹងឆ្នាំ២០១៩ ដែរ ដោយមានចំនួន ៤៣.៩លានតោន ដោយកម្ពុជាជួញដូរ បានប្រហាក់ប្រហែល៧០ម៉ឺនតោន មានកំណើនជាង១០ភាគរយ ដូចគ្នាទៅនឹងប្រទេសឥណ្ឌា ដោយបាននាំចេញ៩លានតោនក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ បានជាង១៣លានតោន។
លោកបានបន្ថែមថា ងាកទៅមើលប្រទេសក្នុងតំបន់អាស៊ានមាន ប្រទេសថៃ និងវៀតណាម ដែលកន្លងមកជាប្រទេសនាំមុខ ក្នុងការនាំចេញអង្ករ តែពេលនេះមានការធ្លាក់ចុះទាំងអស់។ ដូចេ្នះកម្ពុជាជាប្រទេសមួយដែលលេចធ្លោ និងមានឈ្មោះបោះសំឡេង នៃការនាំចេញអង្ករ។
លោកឧកញ៉ា សុង សារ៉ន បន្ដទៀតថា «ការរីកចម្រើននៃការនាំចេញអង្កររបស់កម្ពុជានេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ តែកើតឡើងដោយគោលនយោបាយរាជរដ្ឋាភិបាល ដែលបង្កើតគោលនយោបាយស្រូវអង្ករមួយ មានភាពច្បាស់លាស់ និងមានការសម្របសម្រួលទាន់ពេលវេលា ក្នុងការឆក់យកឱកាសនេះ ដូច្នេះយើងធ្វើរឿងទាំងនេះបានជោគជ័យ គឺជារឿងមួយដែលមានមោទនភាព»។
លោកបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលប៉ះពាល់ ដោយគ្រោះធម្មជាតិទឹកជំនន់ ចំពេលដែលតម្រូវការអង្ករផ្ទុះឡើងខ្លាំង ក្នុងត្រីមាសទី៣ និងទី៤ ក្នុងឆ្នាំ២០២០កន្លងទៅនេះ ដែលធ្វើឲ្យមានភាពរអាក់រអួល មិនសម្រេចគោលដៅ១លានតោនភ្លាមៗបាននោះទេ។ សហព័ន្ធស្រូវអង្ករកម្ពុជាមានគោលដៅ នាំចេញអង្ករឲ្យបាន១លានតោន ដោយបាន និងកំពុងព្យាយាមធ្វើឲ្យបានកាន់តែលឿនកាន់តែល្អ ប៉ុន្ដែបញ្ហាធម្មជាតិធ្វើឲ្យរអាក់រអួល និងមិនអាចគ្រប់គ្រងបាន។
ចំណុចមួយទៀត គឺតម្លៃនៃទឹកប្រាក់ លំហូរនៃទឹកប្រាក់នៅក្នុងវិស័យស្រូវអង្ករ មានការកើនឡើងខ្លាំង។ ក្នុងឆ្នាំ២០១៩ បរិមាណលុយដែលនាំចេញ មានប្រហាក់ប្រហែលជាង៤៣០លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២០ បរិមាណនៃការនាំចេញជាលុយកើនឡើងជាង៥៣០លានដុល្លារ នេះជាការកើនឡើងមានបរិមាណច្រើន រហូតដល់១០០លានដុល្លារ ដោយឡែកបរិមាណនាំចេញជាអង្ករមានក្នុងរង្វង់៧ម៉ឺនតោន ដូច្នេះបង្ហាញថា អង្កររក្សាបានតម្លៃមួយ ក្នុងចន្លោះពី៧០០-៨០០ដុល្លារក្នុងមួយតោន ដែលបង្ហាញថា យើងបានបង្កើតជាអង្ករមានគុណភាពខ្ពស់ និងមានតម្លៃថ្លៃ ដែលជំរុញឲ្យកសិករដាំដុះស្រូវ បង្កើតនូវសេដ្ឋកិច្ចពិតប្រាកដ បង្កើតការងារក្លាយជាកសិករជំនាញ និងអាចរកចំណូលបាន៕