(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រពីអង្គការយូនីសេហ្វ បានប្រកាសអនុវត្តន៍យុទ្ធនាការ «ការពារខ្លួនឥឡូវនេះ កុំចាំស្អែក» ជាមួយការបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលជាបវេសនកាលក្នុងបរិបទនៃការយាយី និងលួងបន្លាចដោយជំងឺកូវីដ១៩។

យុទ្ធនាការនេះធ្វើឡើង ដើម្បីលើកទឹកចិត្តឱ្យកុមារកម្ពុជាចូលរៀនវិញហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលឆ្នាំសិក្សាថ្មីបានចាប់ផ្តើម ហើយជំងឺកូរីដ-១៩នៅតែជាបញ្ហាប្រឈម ក្នុងសកលលោកនៅឡើយ។ យុទ្ធនាការថ្មីនេះ មានសារៈសំខាន់ក្នុងការធានាឱ្យបរិស្ថានសាលារៀន មានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។

យុទ្ធនាការនេះ ក៏មានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់គ្រួសារ និងកុមារ ដែលការរៀនសូត្ររបស់ខ្លួនត្រូវបានរំខានដោយជំងឺឆ្លងនេះ ដោយលើកទឹកចិត្តឱ្យពួកគេផ្តល់អាទិភាពដល់ការរៀនសូត្រ បើទោះជាត្រូវជួបនឹងការលំបាកយ៉ាងណាក៏ដោយ។

សារអប់រំពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ១៩ ក្នុងបរិស្ថានសាលារៀន នឹងត្រូវបានផលិតជាវីដេអូ ផ្ទាំងរូបភាព វិទ្យុ និងសារជាអក្សរ ជាមួយភាពច្នៃប្រឌិតសម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។

សម្ភារផ្សព្វផ្សាយក៏មានបោះពុម្ពជាខិត្តបណ្ណ និងជាប្រភេទល្បែងកម្សាន្តជាដើម សម្រាប់ឱ្យកុមារយកទៅផ្ទះវិញ ដើម្បីឱ្យសារអប់រំអាចជ្រួតជ្រាបទៅដល់គ្រួសារ និងសហគមន៍។ លើសពីនេះ ក៏មានការផលិតសៀវភៅណែនាំជារូបភាពសម្រាប់គ្រូ និងនាយកសាលា អំពីគោលការណ៍ណែនាំស្ដីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗសម្រាប់ចែកជូនសាលារៀនជាង ១៦,៥០០សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ អាចចាប់ផ្តើមត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា «អាទិភាពរបស់យើងក្នុងអំឡុងពេលមានជំងឺឆ្លងរាលស្អាតជាសកលកូវីដ-១៩ គឺការពារសុវត្ថិភាពកុមារ រួមទាំង ប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឱ្យពួកគេនៅតែបន្តទទួលបានការអប់រំ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាចំនួនករណីឆ្លងជំងឺនេះឱ្យនៅតិចបំផុត បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក ហើយស្របពេលជាមួយគ្នា ធានាឱ្យមានការ រៀនសូត្រពីចម្ងាយសម្រាប់សិស្សានុសិស្សគ្រប់រូប និងបើកដំណើរការសាលារៀនឡើងវិញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន»។

លោករដ្ឋមន្ត្រីបន្តទៀតថា «ឥឡូវនេះ ឆ្នាំសិក្សាថ្មី បានចាប់ផ្តើមហើយ យើងចង់បញ្ជាក់ពីសាររបស់យើងឱ្យបានច្បាស់ថា យើងចង់ឱ្យកុមារវិលត្រឡប់ចូលសាលារៀនវិញ និងចង់ឱ្យពួកគេដឹងថា យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ដើម្បីការពារពួកគេពីការឆ្លងមេរោគនេះ។ ពួកគេក៏ចាំបាច់ត្រូវបំពេញតួនាទីរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំដែលផ្សព្វផ្សាយក្នុងយុទ្ធនាការនេះ»

យុទ្ធនាការនេះទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)។ យុទ្ធនាការនឹងត្រូវអនុវត្តដោយផ្អែកលើជោគជ័យ ដែលទទួលបានពីយុទ្ធនាការដែលក្រសួង និងយូនីសេហ្វបាន អនុវត្តកាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងមកក្នុងគោលបំណងប្រកាសបើកដំណើរការសាលារៀនឡើងវិញ ក្រោយពីបានបិទទ្វារអស់រយៈពេល ៦ខែមក។

លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «ជំងឺរាតត្បាតកូរីដ-១៩ បាននឹងកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើនដល់វិស័យអប់រំ ដោយបង្កើតជាការបញ្ហាលំបាកធ្ងន់ធ្ងរដល់សិស្ស និងគ្រួសារពួកគេ។ ខណៈដែលការរៀនសូត្រតាមអនឡាញ ត្រូវបានដាក់ឱ្យអនុវត្តក្រោមកិច្ចដឹកនាំដ៏រឹងមាំរបស់ក្រសួងអប់រំ យុវជន និងកីឡា វានៅតែមិនអាចជំនួសឱ្យការបង្រៀននៅក្នុងថ្នាក់បានឡើយ ហើយក៏មិនមានសិស្សគ្រប់គ្នាអាចប្រើប្រាស់វាបានទាំងអស់នោះដែរ។ ដូច្នេះកុមារគ្រប់រូប គួរត្រូវបានជំរុញឱ្យត្រឡប់ចូលរៀនវិញ ជាមួយអារម្មណ៍មានសុវត្ថិភាព។ ហេតុដូច្នេះ ខ្ញុំសូមស្នើដល់អ្នកគ្រប់គ្នា ទាំងនាយិកា នាយកសាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ ឱ្យអនុវត្តវិធីការពារខ្លួនចាំបាច់នានា ដើម្បីធានាថាសាលារៀនមានបរិស្ថានសុវត្ថិភាពសម្រាប់គ្រប់គ្នា»។

លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរចំពោះភាពជាដៃគូដ៏រឹងមាំ រវាងសហភាពអឺរ៉ុប និងកម្ពុជា នៅក្នុងវិស័យអប់រំដែលបានចាប់ផ្តើមកាលពីជាង១៥ឆ្នាំមុន ដោយបានចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំជាតិក្នុងគោលបំណងធានាថា កុមារកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព។

លោកស្រីបានគូសបញ្ជាក់ថា «ការអប់រំ គឺជាសិទ្ធិជាមូលដ្ឋាន និងចាំបាច់ ដើម្បីធានាឱ្យមាននូវអនាគតដ៏រុងរឿងសម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្លួន»

លោកស្រី អាលីស អលប្រៃ៊ធ៍ នាយិកាប្រតិបត្តិនៃភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) បានលើកឡើងថា «ជំងឺរាតត្បាត បាននិងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់កុមារក្នុងការនៅបន្តការរៀនសូត្រ។ ស្របពេលដែលការសិក្សាពីចម្ងាយត្រូវបានផ្តល់ឱ្យសិស្សសម្រាប់បន្តការរៀនសូត្រ វានៅតែមិនមែនជាមធ្យោបាយជំនួសឱ្យការប្រាស្រ័យទាក់ទងគ្នារវាងសិស្សនិងគ្រូនៅក្នុងថ្នាក់រៀនឡើយ។ ការគាំទ្ររបស់ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរ ការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ដើម្បីឱ្យកុមារអាចការពារខ្លួនបានពីការឆ្លងជំងឺកូវីដ-១៩នៅ ពេលពួកគេត្រឡប់ចូលរៀនវិញនៅសាលា»។

យុទ្ធនាការនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយទៅដល់អ្នកគ្រូ លោកគ្រូ ឪពុកម្ដាយ និងអាណាព្យាបាល ក៏ដូចជាកុមារ និងយុវជន។ រាល់សម្ភារផ្សព្វផ្សាយសុទ្ធតែមានលក្ខណៈបរិយាបន្ន ដោយ មានការបកប្រែជាភាសាជនជាតិដើមភាគតិចចំនួនបួនភាសា។ ការផ្សព្វផ្សាយ នឹងត្រូវធ្វើឡើងតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមរយៈការផ្ញើសារឱ្យចំមនុស្សគោលដៅដូចជាប្រើកម្មវិធី WhatsApp Telegram និង Facebook Messenger ជាដើម។ យូនីសេហ្វ នឹងផ្តល់សម្ភារផ្សព្វផ្សាយទាំងនេះទៅដល់ដៃគូ ដែលកំពុង បំពេញការងារក្នុងវិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យដៃគូអាចយកទៅប្រើប្រាស់ និងកែសម្រួលទៅតាមភាព សមស្រប ដើម្បីធានាឱ្យមានការទទួលសម្រេចបានលទ្ធផលជាអតិបរមានៅទូទាំងប្រទេស។

លោកស្រី ហ្វ័រហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «កុមារកម្ពុជា ទទួលរងនូវការរំខានធ្ងន់ធ្ងរចំពោះការអប់រំរបស់ពួកគេកាលពីឆ្នាំមុន ហើយពួកគេជាច្រើននាក់បាន ខកខានពុំបានរៀនសូត្រនោះឡើយ។ ខណៈពេលយើងឈានមកដល់ឆ្នាំ២០២១ និងកំពុងគិតគូរជាថ្មីអំពីពិភព លោកក្រោយមានជំងឺរាតត្បាត វាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើការងាររួមគ្នា ដើម្បីឱ្យសាលារៀន មានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន និងត្រូវបញ្ចៀសកុំឱ្យមានវិបត្តិការអប់រំ។ យើងជឿជាក់ថា យុទ្ធនាការ ប្រកបដោយភាពច្នៃប្រឌិតនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងកុមារ គ្រួសារ និងគ្រូបង្រៀន ព្រមទាំងបង្កើនទំនុកចិត្ត លើសុវត្ថិភាពនៅក្នុងសាលារៀន និងគូសបញ្ជាក់ជាថ្មីពីគុណតម្លៃនៃការអប់រំ សម្រាប់កុមារកម្ពុជាគ្រប់រូប»