(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានរៀបចំកម្មវិធីសំណេះសំណាល ចែករំលែកបទពិសោធន៍ និងប្រគល់រង្វាន់ ដល់សិស្ស-និស្សិតឆ្នើម ដែលទទួលបានជយលាភី ក្នុង៣ប្រកួត ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា សិស្ស-និស្សិតឆ្នើម នៃសាលានិងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនានាទាំងក្នុងប្រទេស និងក្រៅប្រទេស និងទទួលបានជយលាភី ដូចខាងក្រោម៖
១- ក្រុមជជែកពិភាក្សាតស៊ូមតិ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺកញ្ញា សាងុំា សុភ័ក្ររតនៈ កញ្ញា ហង្ស ណារី និងលោក ហាហ្សាន់ នូរ៉នីអាកាស៊ី បានទទួលជ័យលាភីជើងឯក ក្នុងកម្មវិធី ប្រកួតប្រជែងពិភាក្សាតស៊ូមតិជាភាសាអង់គ្លេស និងពានរង្វាន់ SpringBoard ឆ្នាំ ២០១៦ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលរៀបចំដោយស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងSpringBoard4Cambodia ហើយពួកគេនឹងតំណាងឱ្យប្រទេសកម្ពុជា ដើម្បីទៅចូលរួមដណ្តើមយកពានរង្វាន់ក្នុងការប្រកួតប្រជែងជជែកពិភាក្សា តំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសថៃក្នុងខែឧសភា ឆ្នាំ ២០១៦ខាងមុខនេះ។
២- សិស្សឈ្មោះ កែវ ពិសិដ្ឋ ថ្នាក់ទី១០ នៃសាលា ប៊ែលធី អន្តរជាតិទី៩ បានជាប់ជយលាភីលេខ២ ក្នុងការប្រកួតប្រជែង តែងនិពន្ធពាក្យស្លោក នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦ ក្រោមពាក្យស្លោក៖ «អង្គរសង្ក្រាន្ត អង្គរថ្កើងថ្កាន ក្សេមក្សាន្តឆ្នាំថ្មី សិរីសួស្តីនៃមហាគ្រួសារខ្មែរ» និងនិស្សិតឈ្មោះ ព្រំ ចាន់លក្ខិណា ឆ្នំាទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជាប់ជយលាភីលេខ៣ ក្រោមពាក្យស្លោក «ទៅលេងអង្គរនាពេលសង្ក្រាន្ត ផ្សងសុខក្សេមក្សាន្តពេលបណ្តែតគោម» ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦។
៣- សិស្ស៣រូប ដែលកំពុងសិក្សា ទាំងពីរផ្នែកគឺ ភាសាអង់គ្លេសទូទៅ Level10 និងចំណេះទូទៅថ្នាក់ទី១០ នៃសាលាប៊ែលធី អន្តរជាតិ ដែលបានទៅចូលរួម «ការបោះជំរំសិស្ស អាស៊ានបូកបីលើកទី៧ និងសិក្ខាសាលាផ្នែកវិទ្យាសាស្រ្ត» ជាមួយសិស្សចំនួន៩២នាក់ ដែលមកពីបណ្តាប្រទេសចំនួន១១ ចាប់ពីថ្ងៃទី២៤ ដល់៣១ ខែ មករា ឆ្នាំ ២០១៦ នៅទីក្រុងChangwon នៃសាធារណរដ្ឋកូរ៉េ ហើយសិស្សឈ្មោះ លាង ជូលីន និងឈ្មោះ ប៊ុន មុនីសកល ទទួលបានមេដាយមាសម្នាក់១ និងសិស្សឈ្មោះ រស់ ច័ន្ទវល្លក ទទួលបានមេដាយប្រាក់១ ក្នុងការធ្វើបទបង្ហាញអំពីប្រធានបទ «ថាមពលបៃតង សម្រាប់ជីវិត»។
ក្នុងឱកាសនោះផងដែរលោក លី ឆេង បានកោតសរសើរនិង ចូលរួមអបអរសាទរដ៏ស្មោះចំពោះសិស្ស-និស្សិតឆ្នើម ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងរហូតទទួលបានជយលាភីនាពេលនេះ។ លោកបានបន្ថែមទៀតថា ការទទួលបាន ជោគជយទាំងអស់នេះ គឺជាមោទនភាពមួយ របស់សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាមោទនភាព សម្រាប់ប្រទេសកម្ពុជាទាំងមូល ក៏ដូចជាកិត្តិយសរបស់ក្មួយៗខ្លួនឯងផ្ទាល់ និងគ្រួសារផងដែរ។ លោកក៏បានផ្តាំផ្ញើដល់ ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ទាំងផ្នែកចំណេះទូទៅ វប្បធម៌ទូទៅ និង ចំណេះដឹងតាមជំនាញផ្សេងៗ ជាពិសេសចំណេះដឹងផ្នែកភាសាបរទេស ដើម្បីពង្រីក ពង្រឹងការយល់ដឹងឲ្យបានទូលំទូលាយ មានលក្ខណៈជាសកលផងដែរ។
ជាទីបញ្ចប់លោក និងលោកស្រី ក៏បានប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស-និស្សិតជយលាភី ៖ ១-ក្រុមជជែកពិភាក្សាតស៊ូមតិ ទទួលបានទឹកប្រាក់១,៥០០ដុល្លារ ២-សិស្សជយលាភីលេខ២ និងនិស្សិតជយលាភីលេខ៣ ក្នុងការប្រកួតប្រជែងតែងនិពន្ធពាក្យស្លោក នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦ ទទួលបានទឹកប្រាក់ ៥០០ដុល្លារ និង ៣-សិស្សឆ្នើម ៣រូប ទទួលបានមេដាយមាស២ និងប្រាក់១ ពីអាស៊ានបូកបី លើកទី៧ នៅសាធារណរដ្ឋកូរ៉េ ទទួលបានទឹកប្រាក់៨០០ដុល្លារផងដែរ៕