(ព្រៃវែង)៖ កសិករដាំបន្លែក្នុងផ្ទះសំណាញ់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដោយទទួលបានផលខ្ពស់ និងមានការចាប់អារម្មណ៍ ពីអ្នកបរិភោគក្នុងស្រុកច្រើន ព្រមទាំងមានទីផ្សារល្អ នាពេលបច្ចុប្បន្ននេះ។
អ្នកស្រី ស្វែង ណារី ដែលរស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែងបានឲ្យដឹងថា អ្នកស្រីបានចាប់យកមុខរបរដាំបន្លែ ក្នុងផ្ទះសំណាញ់ ហើយត្រូវបានជ្រើសរើស ជាសមាជិកបណ្តុំអាជីវកម្មបន្លែ ដែលបានសម្របសម្រួល និងបង្កើតឡើងដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ឆ្នាំ២០១៨ ដែលមានសមាជិកសរុប៤៥នាក់។
អ្នកស្រី ស្វែង ណារី បានលើកឡើងថា «ចំពោះការដាំបន្លែនេះ គឺគាត់រកប្រាក់ចំណូល បានពីការលក់បន្លែនេះ ក្នុងមួយខែគាត់ទទួលបានចន្លោះពី ៤០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល។ ចំពោះការដាំបន្លែនេះ មានការលំបាកខ្លះបន្តិចមែន ក៏ប៉ុន្តែវាជួយសម្រួលដល់ជីវភាព រស់នៅរបស់គាត់បានមួយកម្រិតផងដែរ បន្ទាប់ពីការធ្វើស្រែចំការ ដោយលក់ដូរខ្លះផងហូបខ្លួនឯងខ្លះផង ដែលជាផ្នែកមួយ ក្នុងការកាត់បន្ថយនៃប្រាក់ចំណាយរបស់គាត់ សម្រាប់ការទិញបន្លែ ពីផ្សារ ដោយយើងមិនដឹងថាបន្លែនោះ មានសារជាតិគីមីដែរ ឬក៏អត់នោះទេ»។
អ្នកស្រីបញ្ជាក់ថា បន្លែដែលគាត់ដាំសព្វថ្ងៃនេះ មានស្ពៃ សាឡាត់ ម្រះ ត្រសក់ជាដើម មិនត្រឹមតែបន្លែទាំងអស់នោះទេ គាត់ក៏មានចិញ្ចឹមមាន់បន្តិចបន្តួចផងដែ។ ជាមួយគ្នានេះអ្នកស្រី ក៏សំណូមពរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សូមជួយពង្រឹង បង្រៀននូវបច្ចេកទេសដាំបន្លែបន្ថែម ដល់គាត់ទៀតដោយសារគាត់ មិនមានគម្រោងដាំបន្លែតែប៉ុណ្ណឹងនោះទេ គាត់នឹងមានគម្រោងដាំប្រជាស្ពៃក្តោប និងបន្លែផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ ដែលកំពុងតែត្រូវការប្រចាំថ្ងៃនេះ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងថា ការដាំបន្លែក្នុងផ្ទះសំណាញ់ទទួលបានផលខ្ពស់ និងមានការចាប់អារម្មណ៍ពីប្រជាកសិករយ៉ាងច្រើន នៅក្នុងខេត្តព្រៃវែង ក្នុងការដាំដុះដំណាំនេះ និងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ព្រមទាំងមានទីផ្សារល្អផងដែរ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្រោយបានបញ្ចប់នៃការធ្វើបង្ហាញ និងតាមរយៈនៃផ្ទះសំណាញ់នេះ អ្នកស្រី ស្វែង ណារី និងស្វាមី បានបន្តដំណើរការដាំដុះដាំបន្លែ យកស្លឹកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក (ផ្សារឈើកាច់ ផ្សារអ្នកលឿង) ដោយមានតំលៃចន្លោះពី ៤,០០០ ទៅ៥,០០០រៀល ក្នុង១គីឡូក្រាម ទៅតាមប្រភេទដំណាំ។ ជាទូទៅអ្នកស្រីអាចដាំបន្លែយកស្លឹកទាំងអស់នេះ ជាមធ្យមចន្លោះពី៥ ទៅ៦ដងក្នុង១ឆ្នាំ និងក្នុង១ដងនៃផលិតកម្មគាត់ទទួលប្រាក់ចំណេញសុទ្ធ (Net Profits) ជាមធ្យមចន្លោះពី៤០ ទៅ៥០ម៉ឺនរៀល ដោយគ្រាន់តែចំណាយត្រឹម២០ ទៅ២៥ម៉ឺនរៀលក្នុង១ដង ទៅលើសម្ភារៈមួយចំនួនរួមមាន៖ គ្រាប់ពូជ ការរៀបចំដី ជីធម្មជាតិ កំលាំងពលកម្ម ប្រេងបូបទឹក កំបោ អង្កាមជាដើម៕