Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចបង្រ្កាបសង្វៀនជល់មាន២ទីតាំងនៅខេត្តព្រះវិហារ ឃាត់ខ្លួនមនុស្ស និងដកហូតវត្ថុតាងមួយចំនួន

11-01-2021 11:41

(ព្រះវិហារ)៖ ក្នុងទិសដៅអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចឲ្យមានប្រសិទ្ធិភាព ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាការណែនាំដោយផ្ទាល់ពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបបានទីតាំងល្បែងខុសច្បាប់ជាច្រើនកន្លែង ឃាត់ខ្លួនមនុស្សមួយចំនួន និងដកហូតវត្ថុតាងបានជាច្រើនផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងដឹកនាំអនុវត្តផ្ទាល់ពីលោក វុធ សាវី ព្រះរាជអាជ្ញារង បានចុះបង្រ្កាបសង្វៀនជល់មាន២ទីតាំងផ្សេងគ្នា នៅស្រុកគូលែន និងស្រុកជាំក្សាន្ត ដោយឃាត់ខ្លួនអ្នកញៀនល្បែងមួយចំនួន និងរឹបអូសវត្ថុតាងជាច្រើន។

លោក វុធ សាវី បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា ក្នុងប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ទាំង២ទីតាំងនេះ គឺកម្លាំងបានអនុវត្តវិធានការ២រួមមាន៖

*ទី១៖ អនុវត្តវិធានការច្បាប់ បញ្ជូនអ្នកញៀនល្បែងទៅចាត់ការទៅតាមច្បាប់
*ទី២៖ អនុវត្តវិធានការអប់រំណែនាំ ដោយយោងហេតុផលពិការភាព។

ជាមួយគ្នានេះ លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ ពិសេសការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំរបស់យើងឲ្យមានប្រសិទ្ធិភាព៕