(ឧត្តរមានជ័យ)៖ ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងប្រាប់ថា ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បងប្អូនពលករដែលវិលត្រឡប់ មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូស្មាច់ ក្រុងសំរោងមានសរុប៣១៣៥នាក់ និងកំពុងធ្វើចត្តាឡីស័កចំនួន១១កន្លែង នៅតាមសាលារៀន។
ការថ្លែងរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ចុះសួរសុខទុក្ខស្ត្រីជាពលករដែលកំពុងសម្រាលកូន និងត្រៀមសម្រាលកូន ក៏ដូចជាអ្នកជំងឺផ្សេងៗទៀត ដែលពួកគាត់កំពុងធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ នៅតាមសាលារៀន ហើយត្រូវបានបញ្ជូនមកព្យាលថែទាំនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងយ៉ាងដូច្នេះទៀតថា ពលករទាំងអស់ដែលចូលមកតាមច្រកអន្តរជាតិអូរស្មាច់ ត្រូវបានធ្វើចត្តាឡីស័កទៅតាមសាលារៀនដែលយើងជ្រើសរើស ហើយពេលដែលពលករមានជំងឺ យើងបញ្ជូនមកមន្ទីរពេទ្យបង្អែកដើម្បីព្យាលនិងថែទាំបន្ត។ មកដល់ពេលនេះ មានអ្នកជំងឺជាពលករសរុប ៨នាក់ មានអ្នកសម្រាលកូន២នាក់ អ្នកត្រៀមសម្រាលម្នាក់ អ្នកវះពោះវៀនដុះខ្នែងម្នាក់និងអ្នកជំងឺហឺត ជំងឺបាក់ទឹកចិត្តផងដែរ។
លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងទៀតថា ការយកពលករមកព្យាបាល ថែទាំនៅក្នុងមន្ទីរពេទ្យបង្អែកនេះ គឺយើងបានរៀបចំកន្លែងដាក់ដោយឡែក ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមិនមានការយកថ្លៃសេវាទេ។ ក្រោមការណែនាំរបស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ពលករទាំងអស់ត្រូវបានផ្តល់ជូនឃីតមួយកញ្ចប់និងរបបអាហារ៣ពេល។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានសំណូមពរដល់ពលករដែលកំពុងស្នាក់នៅក្នុងខេត្តឧត្តរមានជ័យ សូមតាំងចិត្តធ្វើការសហការជាមួយមន្ត្រីសុខាភិបាល និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត សូមរក្សាវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ។
ដោយឡែក ចំពោះពលករដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ សូមបន្តស្នាក់នៅក្នុងប្រទេសថៃ កុំធ្វើដំណើរមកបើមិនមានការចាំបាច់ ព្រោះការធ្វើដំណើរមកគឺមានហានិភ័យខ្ពស់សម្រាប់ការកើតមានជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩៕