(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់កងទ័ពរបស់តំបន់ប្រតិបត្តិការសឹករងខេត្តថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាការពារ សុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានជាដាច់ខាត។
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធា ដល់នាយទាហាន នាយទាហានរង និងពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារប្រចាំឆ្នាំ២០២០ នៅទីបញ្ជាការវរសេនាតូចលេខ១ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ លោកអភិបាលខេត្តថា ការស្វែងរកសុខសន្តិភាព ការដោះស្រាយបញ្ហាទុក្ខលំបាកនានា គឺមិនអាចកាត់ផ្តាច់ចេញពីការចូលរួម របស់កងទ័ពបានទេ។ ដូច្នេះក្នុងនាមជាកងយោធពលខេមរភូមិន្ទ ដែលជាកុលបុត្រ កុលធីតារបស់ប្រជាជនខ្មែរ ដាច់ខាតត្រូវតែប្តេជ្ញា ការពារ ថែរក្សានូវសុខសន្តិភាពនេះអោយបាន ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ពីព្រោះសន្តិភាព និងការអភិវៃ្ឍន៍ ដែលយើងមានសព្វថ្ងៃនេះ គឺពិតជាកម្ររកបានណាស់ ពិតជាលំបាកណាស់ក្នុងប្រវត្តិសាស្ត្រជិត១០០០ឆ្នាំមកនេះ។
ក្នុងឱកាសនោះលោក ប្រាក់ សុវណ្ណ បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបានរាល់បញ្ហាលំបាករបស់បងប្អូនកងទ័ពរបស់យើង តាមរយៈការផ្គត់ផ្គង់សម្ភារជាតម្រូវការផ្សេងៗ សង់លំនៅដ្ឋាននិងផ្តល់ដីសម្បទានសម្រាប់បង្ករបង្កើផល ជាពិសេសសម្តេចតែងតែជួយឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាង ដើម្បីបង្ករលក្ខណៈដល់ការរស់នៅរបស់កងកម្លាំងយើងឲ្យមានស្ថានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកអភិបាលខេត្តព្រះវិហារ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដែលបានជ្រោមជ្រែងដល់ការងារអាទិភាព គឺការងារហ្វឹកហ្វឺននេះ និងសូមកោតសរសើរដល់មេបញ្ជការ មេបញ្ជាការរង នាយនិងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានអនុវត្តការងារនេះបានជោគជ័យ។
ជាមួយគ្នានេះ អភិបាលខេត្តព្រះវិហារ បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ទឹកបរិសុទ្ធចំនួន១០០០កេស និងមី៥០០កេស សម្រាប់ឧបត្ថម្ភពលករវិលមកពីប្រទេសថៃ។ លោកបានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ សូមគោរពវិន័យកងទ័ព មានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពបទបញ្ជាថ្នាក់លើ មានសីលធម៍ល្អ និងកុំពាក់ព័ន្អជាមួយបទល្មើសនានាឲ្យសោះ ពិសេសត្រូវចូលរួម អនុវត្តវិធានការសុខាភិបាលឲ្យបានទៀងទាត់ ដោយលាងសម្អាតដៃនិងទឹកសាប៊ូ ទឹកអាល់កុលឫជែល និងត្រូវពាក់ម៉ាស់ការពារពេលស្ថិតក្នុងទីប្រជុំជន ដើម្បីការពារពីជំងឺកូវីដ១៩ និងបានឧបត្ថម្ភទឹកបរិសុទ្ធ២០កេស ភេសជ្ជៈ២០កេសនិងថវិកា២លានរៀលផងដែរ៕