(ភ្នំពេញ)៖ ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ពេលវេលានៃការបើកបវេសនកាលនៅឆ្នាំនេះ ត្រូវបានពន្យារពេលមកដល់ខែមករា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩។
ជាមួយនឹងការបើកបវេនកាលឆ្នាំសិក្សាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារអបអរសាទរ និងបើកបវេសនកាលដូចនឹងបណ្តាឆ្នាំកន្លងទៅផងដែរ។
ក្នុងសារបើកបវេសនកាលនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីចំណាប់អារម្មណ៍ចំពោះការសិក្សានៅកម្ពុជាក្នុងយុគសម័យកូវីដ១៩ ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជារយៈពេលមួយឆ្នាំកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អាណាព្យាបាលសិស្ស សប្បុរសជន គណៈគ្រប់គ្រងសាលា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីធានាដល់ដំណើរការ នៃការអប់រំក្នុងបរិបទកូវីដ១៩។
ក្នុងសារនេះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវការណែនាំចំនួន១២ចំណុចផងដែរ ដើម្បីធានាដល់ដំណើរការអប់រំក្នុងឆ្នាំសិក្សាឆ្នាំថ្មីនេះ ទទួលបានបានភាពល្អប្រសើរ។
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖