(ក្រចេះ)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោកស្រី ស៊ុន សាភឿន តំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ សមាជិកាក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានចូលរួមជាវាគ្មិនក្នុង «យុទ្ធនាការ នារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ#Girl2leader» ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជានៃអ្នក នយោបាយសភាស្ត្រី ដឹកនាំដោយ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ឯកអគ្គរាជទូត WPL និងជា អនុប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ធ្វើបទបង្ហាញដល់សិស្សមកពីគ្រប់វិទ្យាល័យក្នុងខេត្តក្រចេះនៅសាកលវិទ្យាល័យក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងការធ្វើជាវាគ្មិននេះ លោកស្រី ស៊ុន សាភឿន បានលើកអំពីបទពិសោធន៍ដែលលោកស្រីធ្លាប់បានធ្វើការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាង៣០ឆ្នាំ និងការងារការទូត មុននឹងក្លាយមកជាសមាជិកសភា។
រីឯវាគ្មិនដទៃទៀត មានជាអាទិ៍ លោកស្រី ត្រឹង ថាវី អនុប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា សមាជិកា ក.ស.ក.ន.ស, លោកស្រី ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ នៃព្រឹទ្ធសភា សមាជិកា ក.ស.ក.ន.ស, លោកស្រី ពេជ ពិទូរ្យរដ្ឋា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី, និង លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ៕