(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានជួបមុខចៅស្រីទី២២ ជាលើកដំបូង ក្រោយពីទារិការូបនេះ កើតបានមួយសប្តាហ៍។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដូចគ្នានឹងចៅស្រីទី២១ដែរ គឺចៅស្រីទី២២នេះ សម្តេចមិនបានមកមើលមុខភ្លាមៗ ពេលពួកគេកើតមកនោះទេ ដែលប្រការនេះដោយសារតែបញ្ហាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តសំណូមពរប្រជាពលរដ្ឋ ឲ្យរៀនរស់នឹងរបៀបរបបថ្មី ដើម្បីសេចក្តីសុខទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេញមួយសប្តាហ៍ទើប ជីតាបានមកលេងជាមួយចៅស្រីទី២២។ ចៅស្រីទី២១ ក៏ដូចគ្នាដែរ មិនបានបីចៅចេញពីបន្ទប់សម្រាល មិនបានបីចៅចេញពីពេទ្យមកផ្ទះ និងមិនបានបីចៅចេញយកពន្លឺព្រះអាទិត្យពេលគម្រប់មួយខែ។ កូវីដ១៩ វាបានបំផ្លាញនូវទំនៀមទម្លាប់ ដែលបន្សល់ទុកពីដូនតាអស់ហើយដែល សូម្បីតែជួបចៅក៏ត្រូវពាក់ម៉ាសផងដែរ ដើម្បីការពារសុខភាពចៅ។ យើងត្រូវរៀនរស់នៅជាមួយនឹងរបៀបរបបថ្មីដើម្បីសេចក្តីសុខទាំងអស់គ្នា»

សូមបញ្ជាក់ថា ចៅស្រីទី២២ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកើតនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១៕