(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសសើរដោយស្មោះចំពោះ លោកបណ្ឌិត លី យុន (Dr. Li Khun) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌លើកទី២ ដើម្បីដឹកជញ្ជូនម៉ាសចំនួន ២លាន ១សែន និងបរិក្ខាពេទ្យសរុបចំនួន ១២មុខសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
ក្នុងលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «លោកបណ្ឌិត លី ឃុន (Dr. Lu Khun) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះចំពោះលោកបណ្ឌិត អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌ជាលើកទី២ ដឹកជញ្ជូនម៉ាសចំនួន ២លាន១សែន និងបរិក្ខាពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ»។
សូមបញ្ជាក់ថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។
ជំនួយម៉ាស និងសម្ភារបរិក្ខាពេទ្យរបស់កម្ពុជា ត្រូវបានដឹកតាមជើងយន្តហោះ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ហើយតំណាងកម្ពុជា ដែលដឹកនាំយកជំនួយនេះទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសនេប៉ាល់ គឺ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។
នេប៉ាល់ ជាប្រទេសទី៤ហើយ ដែលកម្ពុជា បានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន ៣ផងដែរ។ រួមមានរដ្ឋាភិបាលឡាវ បានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន។
ជំនួយសម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់បណ្តាប្រទេសជាមិត្ត ជាការបង្ហាញឱ្យឃើញនូវកាយវិការមនុស្សធម៌របស់កម្ពុជា និងជាស្មារតីចូលរួមដ៏មុតមាំមួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕