(ព្រះសីហនុ)៖ កម្លាំងនគរបាលចម្រុះនៅខេត្តព្រះសីហនុ បានសហការគ្នាតាមបង្រ្កាបបទល្មើសគ្រឿងញៀន ២ករណីផ្សេងគ្នា ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដកហូតសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ៧កញ្ចប់ធំ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ Fresh News ឱ្យដឹងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នេះថា ប្រតិបត្តិការបង្ក្រាបខាងលើនេះធ្វើឡើងនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ក្រោមការសហការរវាងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

ករណីទី១៖ ធ្វើឡើងនៅចំណុចកំពង់ផែថ្មី សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ។ ដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ៦កញ្ចប់ធំ ទូរសព្ទ័ ២គ្រឿង និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ករណីទី២៖ ធ្វើឡើងចំណុចផ្សារចិន ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ែម ខែមឿន ភេទស្រី អាយុ៣៨ឆ្នាំ។ ដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ១កញ្ចប់ធំ ថ្នាំគ្រាប់ WY ៧គ្រាប់ និងទូរស័ព្ទ ២គ្រឿង៕