(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះមេគណខេត្ត បានអញ្ជើញ និងនិមន្ត ក្នុងពិធីបិទការផ្សព្វផ្សាយសង្ឃប្រកាស នៃអនុសំវច្ចរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៤ ដែលរៀបចំឡើងដោយមន្ទីរធម្មការ និងសាសនាខេត្ត នៅបរិវេណវត្តសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃបរិស័ទឥស្លាមសាសនា គ្រឹស្តសាសនា និងគ្រប់និកាយសាសនា នៅក្នុងខេត្តផងដែរ។ ការប្រារព្ធពិធីនេះឡើងដើម្បីបូកសរុប និងពិនិត្យមើលលទ្ធផល នៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ចរៈ មហាសន្និបាតមន្ត្រីសង្ឃ ក្នុងឆ្នាំកន្លងទៅដោយមានកិច្ចពិភាក្សាផ្លាស់ ប្ដូរយោបល់ លើការងារវប្បធម៌ សាសនា ដើម្បីពង្រឹងការអនុវត្តន៍ រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង ធ្វើឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចំរើនស័ក្កិសម ជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ព្យន៍ធនធានបុព្វជិត ឲ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់។
លោក រុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់បានឲ្យដឹងថា គិតមកដល់ពេលនេះនៅខេត្តពោធិ៍សាត់ មានវត្តចំនួន១៨៥វត្ត (មហានិកាយ ១៧៨វត្ត ធម្មយុត្តិកនិកាយ០៧វត្ត), ព្រះសង្ឃ១៩២០អង្គភិក្ខុ ៥៩៣អង្គ, គណៈកម្មការ ៧៤០នាក់, អាចារ្យ ៥៥៥នាក់ ក្នុងនោះ បានទៅចូលរួមវគ្គបណ្ដុះបណ្ដាល តួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរចំនួន២០០នាក់។ បទដ្ឋានដែលមានស្រាប់ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់កន្លងមករួមមាន ខិតខំពង្រឹងការអនុវត្តន៍លិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់, ពង្រឹងនិងពង្រីកកម្មវិធី បញ្ច្រាបគុណធម៌ សីលធម៌, ជំរុញនិងលើកកម្ពស់ ការបង្កើតសាលពុទ្ធិកសិក្សា ឲ្យដល់មូលដ្ឋាន ភូមិ ឃុំ ដើម្បីផ្ដល់ភាពងាយស្រួលដល់សាមណសិស្ស ចូលរួមសិក្សារៀនសូត្រ, អនុសំវច្ចរៈ មហាសន្និបាត លើកទី២៤នេះ ក៏បានដាក់ចេញនូវសង្ឃប្រកាសចំនួន២ច្បាប់ គឺសង្ឃប្រកាសរបស់គណៈមហាកនិកាយ និង គណៈធម្មយុត្តិកនិកាយ ដែលបានដាក់ចេញក្នុងទិសដៅ ពង្រឹងប្រសិទ្ធិភាព នៃការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជាទីគោរពសក្ការៈ របស់ប្រជាពលរដ្ឋកម្ពុជា។
លោក ម៉ៅ ធនិន បានថ្លែងថា ការរៀបចំពិធីនេះឡើងក្រោម បរិយាកាសមហាសាមគ្គីភាពល្អ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យបានរីកចំរើន និង ស្ថិតស្ថេរគង់វង្យជារៀងរហូត។ វិស័យពុទ្ធិកសិក្សា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងបានបណ្ដុះបណ្ដាល ព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ឧត្តមសិក្សា។ ស្របនឹងការរីកចំរើននេះ ក៏នៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដោយឈរលើទស្សនៈ ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។
លោកបានមានប្រសាសន៍ថា ត្បិតតែព្រះពុទ្ធសាសនាជាសាសនា របស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែសាសនាណា ក៏ដូចសាសនាណាដែរ ពោលគឺដឹកនាំយើងទៅរកផ្លូវល្អ ត្រឹមត្រូវ មានគុណធម៌ សច្ចៈធម៌ សច្ចៈភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គ្រប់សាសនាទាំងអស់ក្នុងប្រទេសកម្ពុជា ក៏បានចាប់កំណើត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ជាមួយគ្នា ដែលបានគុណដ៏ធំធេងរបស់សម្ដេចទាំង៣ រំដោះផុតពីរបបទមិឡឥតសាសនា ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ មានសម្ដេចធម្មពោធិសាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តទៀតថា បច្ចុប្បន្នប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ទទួលបានការរស់នៅ ប្រកបដោយភាពសុខសាន្ត សុខដុមរមនា ក៏ដោយមានអ្នកដឹកនាំដ៏ឆ្នើម និងអស្ចារ្យ ដែលអាចបញ្ចៀសគ្រប់បញ្ហាបានយ៉ាងល្អប្រសើរ។ លោក ម៉ៅ ធនិន បានធ្វើពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមន្ទីរធម្មការខេត្ត និង បានចែកប័ណ្ណអាចារ្យផងដែរ៕