(កំពត)៖ អណ្តូងទឹកចំនួន ១០កន្លែង ដែលជាអំណោយរបស់លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងនាយកសមាគមបេសកកម្មដំណឹងល្អ រួមជាមួយក្រុមហ៊ុន Bema Real Estate co.Ltd ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋស្រុកឈូក ខេត្តកំពត នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដើម្បីសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
អណ្តូងទាំង១០កន្លែងន រួមមាន៖ នៅឃុំឈូក មានចំនួន ២កន្លែង ឃុំក្រាំងស្នាយ មានចំនួន ១កន្លែង ឃុំត្រមែង មានចំនួន ១កន្លែង ឃុំក្រាំងស្បូវ មានចំនួន ១កន្លែង ឃុំដូនយ៉ូយ មានចំនួន ១កន្លែង ឃុំបឹងនីមល មានចំនួន ១កន្លែង និងឃុំត្រពាំងបី មានចំនួន ៣កន្លែង។
ក្នុងពិធីប្រគល់អណ្ដូងទឹកខាងលើនេះ លោក ខាន់ ខុន បានលើកឡើងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ១៩នេះ លោកបានណែនាំដល់អ្នកចូលរួមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ត្រូវពាក់ម៉ាស់ ឬក្រមាពេលចេញក្រៅផ្ទះជាដើម។
លោកបានបន្តអំពានាវដល់ពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។
លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម។
លោក ខាន់ ខុន បានបន្តថា ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹង ច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុផងដែរ។
លោក ខៀវ រិទ្ទិភ័ណ្ឌ អភិបាលស្រុកឈូក ក្នុងនាមតំណាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានបង្ហាញទឹកចិត្តរំភើបរីករាយ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសប្បុរសជន ដែលបានប្រគល់អណ្ដូងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកឈូកនាពេលនេះ៕