(បន្ទាយមានជ័យ)៖ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោក កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានសាងសង់ផ្ទះមួយខ្នងជូនគ្រួសារលោកតាលោកយាយក្រីក្រមួយគ្រួសារ នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីជាជម្រកសមរម្យមួយក្នុងការរស់នៅ ខណៈលោកតាលោកយាយពីរនាក់នេះក៏កាន់តែចាស់ជរា និងមានកូនចៅ ៧ នាក់ក្នុងបន្ទុកគ្រួសារ។
គ្រួសារក្រីក្រខាងលើនេះគឺជាគ្រួសាររបស់លោកតា យាន សារិទ្ធ និងលោកយាយ ពៅ ចិន្តា ដែលផ្ទះចាស់របស់ពួកគាត់ត្រូវភ្លើងឆេះផ្ទះអស់ខ្ទេចខ្ទីកាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កន្លងទៅ។ ចំណែកផ្ទះឈើថ្មីនេះមានទំហំ ៤ មែត្រ គុណ ៥ ម៉ែត្រ ដំបូលប្រក់ស័ង្កសី។
ក្រោយពីសាងសង់រួចរាល់ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមជាមួយមន្ត្រីមូលដ្ឋាន ក៏បានប្រគល់ជូនគ្រួសារខាងលើ ក្នុងនាមតំណាងលោក កែ គឹមយ៉ាន ព្រមទាំងប្រគល់ជូននូវអំណោយមួយចំនួនបន្ថែមទៀតផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលក្រុងប៉ោយប៉ែត ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានឧបត្ថម្ភនូវសម្ភារៈ គ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកាមួយចំនួន ក្នុងនោះលោកអធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានឧបត្ថម្ភថវិការផ្ទាល់ខ្លួនមួយចំនួនផងដែរ ដើម្បីចូលរួមជាមួយក្រុមការងារប្រតិភូប្រគល់ជូនលោកយាយ ពៅ ចិន្តា និងលោកតា ជាជនមានពិការភាព មានបន្ទុកចិញ្ចឹមកូនចៅ ៧នាក់ក្នុងផ្ទះ៕