(ពោធិ៍សាត់)៖ គ្រឿងចក្រកាយដី (អេស្កាវ៉ាទ័រ) មួយគ្រឿង បានជាន់មីនតោនផ្ទុះលាន់ដូចរន្ទះ ខណៈកំពុងកាយដីក្នុងចម្ការនៅចំណុចអូរបែកចាន ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបណ្ដាលឱ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល។
កម្លាំងនគរបាលស្រុកវាលវែង បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនាវេលាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ រីឯគ្រឿងចក្រកាយដីនោះបើកបរដោយឈ្មោះ សោម សូផា អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (រងរបួសស្រាល)។
ប្រភពខាងលើបានបន្តថា ខណៈដែលគ្រឿងចក្រកាយដីកំពុងកាយដីចម្ការជាន់មីនតោននោះ មានជនរងគ្រោះឈ្មោះ ចយ លីន អាយុ ៣៩ ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ បានដើរពីក្រោយអេស្កាវ៉ាទ័រនោះដែរ ហើយក៏ខ្ទាតអំបែង និងផ្សែងរុំសេវ បណ្ដាលឲ្យរងរបួសធ្ងន់ ប៉ះពាល់ភ្នែក មុខ និងដងខ្លួនសុះសាច់តែម្ដង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនញាតិមិត្តបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕