កូរ៉េខាងត្បូង គ្រោងបង្កើតកងពលថ្មី ដែលមានតួនាទីប្រឆាំងអំពើភេរវកម្មពីកូរ៉េខាងជើង
19-02-2016 16:22
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង កំពុងតែជំរុញឲ្យមានការបង្កើតកងពលពិសេសថ្មីមួយ ដែលមានតួនាទីប្រឆាំង និងទប់ស្កាត់ការវាយប្រហារដោយអំពើភេរវកម្ម ដែលអាចទៅរួច ដោយប្រទេសកូរ៉េខាងជើង បន្ទាប់ពីភ្នាក់ងារស៊ើបអង្កេតសម្ងាត់ រាយការណ៍អំពីរឿងនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។
មន្ត្រីយោធាកូរ៉េខាងត្បូង ដែលសុំមិនបញ្ចេញឈ្មោះម្នាក់បានបង្ហើបឲ្យដឹងថា យោធាប្រទេសនេះ កំពុងតែរៀបចំត្រៀមទាំងកងកម្លាំងយោធាពិសេស និងឧបករណ៍តាមដាន ផងដែរ ដើម្បីទប់ទល់នឹងការបង្កភេរវកម្ម ដោយកូរ៉េខាងជើង ដែលអាចទៅរួចនោះ។ វាអាចនឹងជាអំពើភេរវកម្មក្នុងទម្រង់ណាមួយ ដូច្នេះយោធាត្រូវតែប្រើប្រាស់វិធីពង្រឹង និងត្រៀមទុកជាមុន ដូចការត្រៀមទប់ទល់នឹងអំពើភេរវកម្មជាសកលដែរ។
គួរបញ្ជាក់ថា ស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ បានវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាការបំផ្ទុះសាកល្បង គ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃទី០៦ ខែមករា និង បន្ទាប់មកមានការបាញ់បង្ហោះផ្កាយរណប ដោយកូរ៉េខាងជើង ហើយកូរ៉េខាងត្បូងក៏បានតបតវិញ ដោយផ្អាកដំណើរការនៅតំបន់ឧស្សាហកម្មរួមគ្នា កែសង (Kaesong) ព្រមទាំងអំពាវនាវឲ្យ អន្តរជាតិដាក់ទណ្ឌកម្មរួមគ្នាលើកូរ៉េខាងជើង៕