(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា សណ្ឋាគារដៃគូទាំងអស់ បានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការទទួលអ្នកដំណើរជាជនបរទេស ឬខ្មែរ ស្នាក់នៅធ្វើចត្តាឡីស័ក។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានខ្មែរថាមស៍ចុះផ្សាយថា មានកន្លែងមួយចំនួនមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរធ្វើចត្តាឡីស័ក។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា សណ្ឋាគារដៃគូទាំងអស់ បានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការទទួលអ្នកដំណើរជាជនបរទេស ឬខ្មែរ ស្នាក់នៅធ្វើចត្តាឡីស័ក ដោយគោរពតាមគោលការណ៍នានារបស់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ករណីចុះផ្សាយរបស់សារព័ត៌មានខ្មែរថែម កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ធ្វេីឲ្យមានការយល់ច្រឡំលេីវិធានការសុខាភិបាល ដោយការមិនមានបង្ហាញពីប្រភពច្បាស់លាស់នៃហេតុការណ៍ដែលក្រសួង ស្នើសុំសារព័ត៌មានខ្មែរថែម ផ្តល់អត្តសញ្ញាណអ្នកដំណើរ ពេលវេលា និងទីតាំងកេីតហេតុ ឱ្យបានច្បាស់លាស់មកក្រសួង ដើម្បីក្រុមការងារក្រសួងទទួលបន្ទុកការងារនេះ អាចធ្វើការទំនាក់ទំនង ស្វែងយល់លេីបញ្ហា ក៏ដូចជាជួយធ្វេីដំណោះស្រាយ បានទាន់ពេលវេលា ឬសាមីខ្លួនអាចទំនាក់ទំនងសាកសួរព័ត៌មានច្បាស់លាស់មកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដើម្បីដោះស្រាយជូន ក្រោយពីបានសាកសួរ និងបញ្ជាក់ជាមួយសណ្ឋាគារ មិនទទួលបានលទ្ធផលច្បាស់លាស់។
ក្រសួងបានបញ្ជាក់ថា ជាមួយគ្នានេះដែរ ព័ត៌មានអ្នកដំណើរដែលបានចុះផ្សាយ (ឈ្មោះ SEAN) ដែលសារព័ត៌មានខ្មែរថែមស៍ បានលេីកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នោះ ក្រសួងមិនអាចរកឃើញមាននៅក្នុងប្រព័ន្ធកម្មវិធីគ្រប់គ្រងអ្នកដំណើរឡេីយ ហើយសណ្ឋាគារពាក់ព័ន្ធដែលត្រូវបានលើកឡើងថា មានបញ្ហាដាក់នៅក្នុងសារព័ត៌មាននេះដែរ ក៏បានបញ្ជាក់មកក្រសួងរួចហេីយដែរថា មិនមានករណីដូចការចុះផ្សាយនេះទេ។
ក្រសួងសុខាភិបាល ក៏បានស្នើសុំសារព័ត៌មានខ្មែរថែម ធ្វើការកែតម្រូវអត្ថបទចុះផ្សាយ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ (Quarantines inconsistent, Thai market closed to Cambodians - Khmer Times ) ហេីយត្រូវមានការបញ្ជាក់ឲ្យបានច្បាស់លាស់នូវសាច់រឿង សាមីដែលមានបញ្ហា ពេលវេលា និងទីតាំង ប្រកបដោយវិជ្ជាជីវៈ ដេីម្បីក្រសួងជួយសម្របសម្រួល ក៏ដូចជាដោះស្រាយបញ្ហាបានទាន់ពេលវេលា នៅទីកន្លែងដែលកេីតមានហេតុការណ៍ និងការស្ថាបនាជួយដល់ការអនុវត្តន៌វិធានការសុខាភិបាល ព្រមទាំងចូលរួមលុបបំបាត់ព័ត៏មានមិនត្រឹមត្រូវ ឬព័ត៌មានដែលមិនច្បាស់លាស់ ធ្វេីឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ដែលកំពុងតែប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ប្រសិនបេីមានបញ្ហា ក្រសួងស្នេីសុំឲ្យសាមីខ្លួន ធ្វេីការទំនាក់ទំនងមកលេខ១១៥ ជាបន្ទាន់ ដេីម្បីជួយដោះស្រាយជូន បានទាន់ពេលវេលា៕