(កំពង់ធំ)៖ រដ្ឋបាលស្រុកបារាយណ៍ មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក រដ្ឋបាលឃុំត្នោតជុំ និងប៉ុស្ត៍រដ្ឋបាលឃុំត្នោតជុំ មណ្ឌលសុខភាពត្នោតជុំ សាលារៀនមួយចំនួន ព្រមទាំងវត្តចំនួន ៥ ក្នុងឃុំត្នោតជុំ នៃស្រុកបារាយណ៍ បានទទួលទឹកសម្លាប់មេរោគធម្មជាតិ អ៉ីប៉ីយូឌីស (Ebiodis-Antiseptic Disinfectant) ជាច្រើន ដែលជាជំនួយរបស់លោក ថោង ខុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក។
ក្នុងនាមតំណាងលោក ថោង ខុន លោក នី ផល្លី អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្នោតជុំ ព្រមទាំងលោកស្រី ហេង ពិសី នាយិកាសហគ្រាសផលិតបរិក្ខារពេទ្យទឹកសម្លាប់មេរោគ Leisure Asia Corporation ព្រមទាំងសហការី បាននាំយកសម្ភារបរិក្ខារទាំងនេះទៅប្រគល់ជូនរដ្ឋបាល មន្ទីរ អង្គភាពខាងលើ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ដើម្បីប្រើប្រាស់តាមការចាំបាច់ចូលរួមទប់ស្កាត់ប្រឆាំងបាក់តេរី និងវីរុសផ្សេងៗ ពិសេសក្នុងតំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
សម្លាប់មេរោគធម្មជាតិ Ebiodis ទាំងនោះរួមមាន៖ ចំណុះ៣០លីត្រ ចំនួន ៤៦កាន, ចំណុះ៥លីត្រ ចំនួន ៣៦កាន, ចំណុះ១លីត្រ ចំនួន ១៩២កាន, ចំណុះ៥០០មីលីលីត្រ ចំនួន ២១៦ដប, ចំណុះ១០០មីលីលីត្រ ចំនួន ១៦៤ដប។ ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis នេះ ជាផលិតផលគ្មានសារធាតុអាល់កុល កម្រិតចំណីអាហារ ពុំមានសារធាតុគីមីប៉ះពាល់សុខភាពនិងមានប្រសិទ្ធភាពសម្លាប់មេរោគបាន ៩៩.៩៩%។
លោក នី ផល្លី បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមការងារជួរមុខសុខាភិបាលនិងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការប្រឹងប្រែងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក នី ផល្លី បានជំរុញនិងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងអប់រំដល់ប្រជាពលរដ្ឋជាប្រចាំក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ «យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនភ្លេចយើងនោះទេ»។
ឆ្លៀតក្នុងឱកាសនោះ លោក នី ផល្លី ក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំផងដែរ៕