(ភ្នំពេញ)៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដែលធ្លាប់តែស្ថិតក្រោមឥទ្ធិពលច្បាប់គតិយុត្តរបស់ប្រទេសសិង្ហបុរីនោះ បានពង្រីកខ្លួនទៅជាស្ថាប័នអន្តរជាតិហើយ ដោយរំពឹងថា នឹងអាចចូលរួមបម្រើប្រយោជន៍លើស្ថាភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដល់ប្រ ទេសសមាជិកអាស៊ាន និង ប្រទេសដៃគូ ជប៉ុន កូរ៉េខាត្បូង និងចិន បានកាន់តែល្អប្រសើរថែមទៀត។
ការសម្ពោធការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ទៅជាស្ថាប័នអន្តរជាតិនេះ ត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី ដោយ មានការអញ្ជើញចូលរួមពីតំណាងធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុ នៃប្រទេសសមាជិកអាស៊ាន+៣ (ជប៉ុន កូរ៉េខាងត្បូង និងចិន) ស្ថាប័នអន្តរជាតិ ស្ថានទូតប្រចាំប្រទេសសិង្ហបុរី ស្ថាប័នហិរញ្ញវត្ថុឯកជន និង ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចផងដែរ។ ដោយឡែកកម្ពុជា ត្រូវបានអញ្ជើញចូលរួមដោយលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង នៃធនាគារជាតិកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១ ក្នុងក្របខណ្ឌគតិយុត្តជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់នៅប្រទេសសិង្ហបុរី ដើម្បីលើកកម្ពស់ការតាមដាន និងឃ្លាំមើលស្ថានភាពសេដ្ឋកិច្ចប្រចាំតំបន់។ លុះដល់ខែតុលា ឆ្នាំ២០១៤ សមាជិកអាស៊ាន និងប្រទេសដៃគូទាំង៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីប្រែក្លាយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣នេះ ទៅជាស្ថាប័នអន្តរជាតិ ហើយកិច្ចព្រមព្រៀងនេះ បានចូលជាធរមាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ប្រភពដដែលបន្តថា ការប្រែក្លាយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ទៅជាស្ថាប័នអន្តរជាតិនេះ នឹងធ្វើឲ្យការិយាល័យមួយនេះ បំពេញតួនាទីរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងនាមជាអង្គភាពឃ្លាំងមើលសេដ្ឋកិច្ចឯករាជ្យក្នុងតំបន់ សំដៅរួមចំណែករក្សាស្ថិរភាពសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងតំបន់។
ក្នុងពិធីសម្ពោធនោះ លោកបណ្ឌិត Yoichi Nemoto ប្រធាន AMRO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកអាស៊ាន+៣ ដែលបានគាំទ្រ ចំពោះការប្រែក្លាយខ្លួនទៅជាស្ថាប័នអន្តរជាតិ ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសកម្មភាពឃ្លាំមើល និង គាំទ្រលើការអនុវត្តកិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM)។
មន្រ្តីធនាគារកម្ពុជា ក៏រំពឹងថា នឹងទទួលបានប្រយោជន៍ច្រើនផងដែរ ពីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដើម្បីលើកស្ទួយស្ថានភាពសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៕